ប្រហិតសាច់គោនិងប្រហិតសាច់ជ្រូកចន្លោះពី ៥០០គីឡូ ទៅ ៧០០គីឡូក្រាមត្រូវបានផលិតជារៀងរាល់ថ្ងៃ លក់ទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ជាដើម ។ល។ នេះបើតាមការប្រាប់ឱ្យដឹងពីអ្នកស្រី ទៀត ម៉ានី វ័យ៤០ឆ្នាំ ជាស្ត្រីមេម៉ាយដែលមានបន្ទុកចិញ្ចឹមកូនបីនាក់និងមើលថែបុគ្គលិកសរុបចំនួន២៥ នាក់។
ជីវិតគឺជាការតស៊ូមួយដែលមិនចេះរីងស្ងួតដរាបណាមនុស្សមានជីវិតរស់នៅលើផែនពសុធានេះព្រោះត្រូវតស៊ូជាមួយនឹងធម្មជាតិផង តស៊ូជាមួយមនុស្សគ្នាឯងផង និងជាមួយហេតុការណ៍ផ្សេងៗផង។ ការស៊ូទ្រាំ ភាពអត់ធ្មត់និងការពុះពារជំនះរបស់បុគ្គលម្នាក់ៗក្នុងការប្រឈមមុខនឹងបញ្ហា គឺជាពិន្ទុដែលកំណត់នូវអត្តសញ្ញាណរបស់បុគ្គលរូបនោះ។ ការតស៊ូបង្កើតចេញជាផ្លែផ្កានៃជីវិតក្នុងការបោះជំហានឆ្ពោះទៅរកឱកាសសម្រាប់ការលូតលាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ក្នុងភាពជាស្ត្រីមេម៉ាយរៀនចប់ត្រឹមថ្នាក់ទី២ អ្នកស្រីម៉ានីមានក្តីសុបិនចង់ឃើញកូនៗរបស់អ្នកស្រីទាំងបីនាក់រៀនចប់ដល់ថ្នាក់សាកលវិទ្យាល័យ ព្រោះថាការដែលកូនៗទទួលបាននូវការអប់រំខ្ពស់នេះគឺជាមោទកភាពនិងក្តីសុខរបស់គ្រួសារដ៏តូចរបស់គាត់។
អស់រយៈពេលជាងមួយទស្សវត្សរ៍មកនេះ អ្នកស្រីម៉ានី បានបើកសិប្បកម្មផលិតប្រហិតជាលក្ខណៈគ្រួសារ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារក្រោយពីបែកបាក់ពីស្វាមី។ ជាមួយគ្នានេះដែរអ្នកស្រីក៏បានបង្កើតការងារ ព្រមទាំងបំពាក់នូវជំនាញផលិតប្រហិតដោយប្រកាន់គោលការណ៍អនាម័យដល់យុវជននិងយុវតីមកពីខេត្តពោធិសាត់ប្រមាណ២៥នាក់ដែលជាស្រុកកំណើតរបស់អ្នកស្រី។
ដោយយកគុណធម៌ ភាពស្មោះត្រង់និងការប្រឹងប្រែងចេញពីបេះដូង សិប្បកម្មប្រហិតសាច់គោនិងជ្រូករបស់គាត់ទទួលបានការពេញចិត្តនិងគាំទ្រពីអតិថិជនទាំងក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន។

ប្រហិតសាច់គោយីហោ “បងម៉ានី”
“ខ្ញុំធ្វើប្រហិតសាច់ទាំងនេះដោយក្តីស្រលាញ់ ហើយផ្តោតយ៉ាងយកចិត្តទុកដាក់ទៅលើគុណភាពនិងអនាម័យ។ ខ្ញុំសប្បាយចិត្តនៅពេលដែលអតិថិជនរបស់ខ្ញុំចូលចិត្តប្រហិតសាច់គោរបស់ខ្ញុំ ហើយឃើញថាវាឆ្ងាញ់និងមានអនាម័យ” នេះបើតាមប្រសាសន៍របស់អ្នកស្រីម៉ានី ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន កាលពីសប្តាហ៍មុន។
ការប្តេជ្ញាចិត្តរបស់អ្នកស្រីម៉ានី ក្នុងការលើកកម្ពស់គុណភាព ជាពិសេសសុវត្ថិភាពនិងអនាម័យ បាននាំឱ្យអ្នកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនានាជាប្រចាំ។
សុវត្ថិភាពចំណីអាហារនៅកម្ពុជាគឺជាបញ្ហាសំខាន់មួយ ដោយសារជំងឺនិងការចម្លងរោគពីចំណីអាហារ គឺជាក្តីកង្វល់របស់អ្នកប្រើប្រាស់និងរាជរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាការឆ្លើយតបរាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារកាលពីនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅ។ ច្បាប់នេះបង្កើតយន្តការសម្រាប់ធានាអនាម័យនិងសុចរិតភាពក្នុងការផលិតម្ហូបអាហារដើម្បីកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ កាត់បន្ថយហានិភ័យនិងជួយកម្ពុជាឱ្យទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ។
ច្បាប់បានកំណត់ថា រាល់ការផលិតចំណីអាហារនៅលើទីផ្សារត្រូវតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារថែទាំត្រឹមត្រូវ មានបទដ្ឋានវេចខ្ចប់ល្អ ហើយត្រូវដាក់ព័ត៌មានស្លាកសញ្ញាឱ្យត្រឹមត្រូវនិងច្បាស់លាស់។ នេះគឺជាជំហានទៅមុខដ៏សំខាន់មួយសម្រាប់អាជីវកម្មដូចជាសិប្បកម្មបែបគ្រួសាររបស់អ្នកស្រីម៉ានី ដែលអនុញ្ញាតឱ្យពួកគាត់បន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់និងសុវត្ថិភាពដល់អតិថិជនរបស់គាត់។
ទោះបីជាទិន្នន័យជាក់លាក់ស្តីពីការប្រើប្រាស់សាច់ប្រហិតនៅក្នុងទីផ្សារកម្ពុជាមានការខ្វះខាតក៏ដោយ ក៏ការចូលចិត្តប្រហិតសាច់របស់ប្រជាជនកម្ពុជាបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ប្រហិតសាច់ដែលអាចរកបានរួមមានសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រី។ ប្រជាជនកម្ពុជាចូលចិត្តបរិភោគប្រហិតជាមួយស៊ុប គុយទាវ ស្ងោរ និងអាំង ដែលធ្វើឱ្យប្រហិតក្លាយជាអាហារដ៏ឆ្ងាញ់ពេញនិយមនៅក្នុងគ្រួសារជាច្រើន។
អ្នកស្រីម៉ានី ត្រូវបានបុគ្គលិកជាច្រើនមិនត្រឹមតែចាត់ទុកអ្នកស្រីជាម្ដាយដ៏ល្អម្នាក់ប៉ុណ្ណោះទេថែមទាំងជាថៅកែម្នាក់ប្រកបដោយព្រហ្មវិហារធម៌ទៀតផង។ អ្នកស្រី ត្រូវបានបុគ្គលិកនិងកម្មករគោរពនិងស្រឡាញ់យ៉ាងខ្លាំងហើយចាត់ទុកដូចជាម្ដាយទីពីររបស់ពួកគេ។ អ្នកស្រីម៉ានី តែងតែអប់រំបុគ្គលិកគ្រប់រូបឱ្យរស់នៅនិងធ្វើការងាររួមដោយសុខដុមរមនា ស្រលាញ់គ្នានិងចេះជួយគ្នាក្នុងគ្រាលំបាក។ អ្នកស្រីបានបង្កើតបរិយាកាសស្រស់ស្រាយសប្បាយចិត្តនៅកន្លែងធ្វើការតែបង្កប់ទៅដោយភាពហ្មត់ចត់និងមានវិន័យ ។
ហ៊ា ហាន់ បុគ្គលិកផ្នែកលក់នារីក្នុងវ័យ៣២ឆ្នាំ ដែលធ្វើការជាមួយអ្នកស្រីម៉ានីជាងដប់ឆ្នាំបានសរសើរអ្នកស្រីថា “គាត់ជាថៅកែស្មោះត្រង់ ស្រលាញ់កូនចៅទាំងអស់ គាត់តែងតែលើកទឹកចិត្ត ផ្តល់យោបល់និងដោះស្រាយបញ្ហា”។
ភាពខ្លាំងរបស់អ្នកស្រីម៉ានី ក្នុងការគ្រប់គ្រងបុគ្គលិកនិងចាត់ចែងអាជីវកម្មរបស់អ្នកស្រីឱ្យទទួលបានការរីកចំរើននិងជោគជ័យលើមុខរបរផលិតប្រហិតសាច់គឺថាអ្នកស្រីបញ្ចូលក្តីស្រលាញ់របស់អ្នកស្រីឱ្យក្លាយកំលាំងថាមពលរបស់ពួកគេ ហើយពួកគេធ្វើការឱ្យអ្នកស្រីចេញពីបេះដូង នេះជាអ្វីដែលនិយោជកភាគច្រើនមើលរំលង។
រឿងរ៉ាវរបស់អ្នកស្រី ទៀត ម៉ានី គឺជាសក្ខីភាពនៃភាពអំណត់អត់ធន់និងថាមពលនៃវីរភាពរបស់សហគ្រិនស្រ្តីកម្ពុជា ដែលប្រកាន់ខ្ជាប់ដោយគុណធម៌ ព្រហ្មវិហារធម៌ សេចក្តីស្មោះត្រង់ ភាពទទួលខុសត្រូវ និងការអភិវឌ្ឍខ្លួន។ ដំណើរជីវិតរបស់អ្នកស្រីពីស្ត្រីមេម៉ាយតស៊ូ ក្លាយទៅជាអ្នកជំនួញស្ត្រីរឹងមាំមួយរូប អាចចិញ្ចឹមគ្រួសារ គឺបង្ហាញឱ្យឃើញថា គ្រប់យ៉ាងកើតឡើងដោយការខិតខំប្រឹងប្រែង ការលះបង់និងការតាំងចិត្តដើម្បីឧត្តមភាពដែលមនុស្សម្នាក់ៗ អាចជម្នះនូវគ្រប់ឧបសគ្គនានាក្នុងជីវិតដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ៕
ទោះជាយ៉ាងណាក៏ដោយ ជាគម្រោងខ្នាតធំមួយនេះរាជរដ្ឋាភិបាលកម្ពុជា បានសិក្សាគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ចំណុចខ្សោយ ឱកាស និងហានិភ័យនៃគំរោងទាំងមូល។ គំនិតនៃការសាងសង់ព្រែកជីកហ្វូណនតេជោមិនមែនជាគំនិតថ្មីនោះទេ។ វាត្រូវបានគេស្នើឡើងជាច្រើនឆ្នាំកន្លងមកហើយក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប៉ុន្តែវាទើបតែពេលនេះទេ ដែលរដ្ឋាភិបាលអណ្តត្តិទៅ៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចចិត្តសិក្សានិងអនុវត្តគំរោងនេះ។
ការលើកទឹកចិត្តចម្បងនៅពីក្រោយការសម្រេចចិត្តនេះគឺដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរណ៍នៅក្នុងប្រទេសពិសេសខេត្តទាំងឡាយដែលមានទីតាំងជាប់ព្រែកជីកនេះតែម្តង។
បច្ចុប្បន្ននេះកប៉ាល់ត្រូវធ្វើដំណើរតាមផ្លូវទឹកឆ្ងាយតាមដីសណ្ដទន្លេមេគង្គទៅកាន់ផែនៃប្រទេសវៀវណាមដែលបណ្តាលឱ្យពេលវេលានិងការចំណាយកើនឡើងខ្ពស់។ ព្រែកជីកហ្វូណនតេជោ ពេលបញ្ចប់រួចរាល់វានឹងកាត់បន្ថយការធ្វើដំណើរនេះពាក់កណ្តាលដែលធ្វើឱ្យវាក្លាយជាផ្លូវទឹកដែលមានលទ្ធភាពនិងទាក់ទាញសម្រាប់កប៉ាល់។
ចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងនៃគម្រោងព្រែកជីកហ្វូណនតេជោ គឺសក្តានុពលរបស់ខ្លួនក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតំបន់។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើវិស័យកសិកម្មហើយការសាងសង់ព្រែកជីកនឹងបើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងដឹកជញ្ជូន។ វាក៏នឹងទាក់ទាញអ្នកវិនិយោគបរទេសនិងបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុកផងដែរ។
រាជរដ្ឋាភិបាលបានប៉ាន់ប្រមាណថាគម្រោងនេះនឹងនាំឱ្យមានការកើនឡើងរហូតដល់ ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ តួលេខវិជ្ជមានទាំងនេះហើយគឺជាកត្តាជំរុញដ៏សំខាន់មួយនៅពីក្រោយការគាំទ្ររបស់គម្រោងនេះ។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹងភាពខ្លាំងនីមួយៗក៏មានចំណុចខ្សោយដែលចាំបាច់ត្រូវដោះស្រាយផងដែរ។ កង្វល់ចម្បងមួយគឺផលប៉ះពាល់បរិស្ថាននៃគម្រោង។ មានការព្រួយបារម្ភអំពីឥទ្ធិពលនៃទឹកប្រៃពីសមុទ្រមកលើប្រព័ន្ធអេកូឡូស៊ីទឹកសាបផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរដោយចាត់វិធានការចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះនិងធានានូវនិរន្តរភាពនៃគម្រោង។
គម្រោងនេះក៏បានបង្ហាញពីឱកាសសំខាន់ៗសម្រាប់ប្រទេសជិតខាង ជាពិសេសគឺវៀតណាម។ ព្រែកជីកនេះនឹងផ្តល់ផ្លូវទឹកផ្ទាល់និងលឿនជាងមុនសម្រាប់កប៉ាល់ទៅកាន់ទីក្រុងហូជីមិញរបស់វៀតណាមនិងកំពង់ផែផ្សេងទៀតនៅភាគខាងត្បូង។ វានឹងបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនទំនាក់ទំនងការទូត។ រដ្ឋាភិបាលវៀតណាមគួរមានចំណាប់អារម្មណ៍ចំពោះគម្រោងនេះហើយត្រូវតែសន្យាថានឹងគាំទ្រវាតាមមធ្យោបាយដែលអាចធ្វើទៅបាន។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងឱកាសកើតឡើង ហានិភ័យដែលកើតចេញពីគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានអ្វីគួរអោយកត់សម្គាល់ទេ។ តែហានិភ័យចម្បងគឺការចំណាយខ្ពស់នៃគម្រោងដែលត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១.៧ ពាន់លានដុល្លារ។ ខណៈពេលដែលវាជាការវិនិយោគដ៏សំខាន់ អត្ថប្រយោជន៍នៃគម្រោងនេះត្រូវបានគេរំពឹងថានឹងមានគុណប្រយោជន៍ធំលើសជាងការចំណាយក្នុងរយៈពេលយូរ។ រដ្ឋាភិបាលត្រូវធានាថា ការសិក្សាត្រឹមត្រូវមួយត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យនៃការបាក់ដី និងទឹកជំនន់។
នៅពេលដែលគម្រោងនេះដំណើរការទៅមុខ អត្ថប្រយោជន៍នៃព្រែកជីកហ្វូណនតេជោឃើញកាន់តែច្បាស់។ កប៉ាល់ដែលពីមុនត្រូវធ្វើដំណើរឆ្ងាយជុំវិញដីសណ្ដទន្លេមេគង្គ ឥឡូវនេះមានផ្លូវផ្ទាល់ដែលនាំឱ្យកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។ នេះបានជះឥទ្ធិពលជាវិជ្ជមានទៅលើថ្លៃដឹកជញ្ជូន ហើយឈ្មួញមកពីជុំវិញពិភពលោកនឹងចាប់ផ្តើមប្រើប្រាស់ព្រែកជីកនេះដោយធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ប៉ុន្តែវាមិនមែនគ្រាន់តែជាសកម្មភាពសេដ្ឋកិច្ចដែលមើលឃើញការជំរុញនោះទេ។ ការសាងសង់ព្រែកជីកនេះក៏មានផលវិជ្ជមានដល់តំបន់ជុំវិញដែរ។ ពលរដ្ឋក្នុងសហគមន៍ដែលពីមុនមានលទ្ធភាពប្រើប្រាស់ទំនិញនិងសេវាកម្មមានកម្រិត តែក្រោយពីព្រែកជីកកសាងរួចរាល់នឹងមានការតភ្ជាប់កាន់តែប្រសើរដែលនាំទៅដល់ការកែលម្អកម្រិតជីវភាពរបស់ពួកគេជាមិនខាន៕
ឆាកជីវិតរបស់មនុស្សបានប្រែប្រួលតាមពេលវេលា បរិយាកាសសង្គម និងបរិបទនយោបាយ ។ ទន្ទឹមនឹងការប្រឈមនឹងឧបសគ្គនានា ដែលកើតឡើង ដំណោះស្រាយមួយឬច្រើនក្នុងជីវិត ក៏លេចចេញមកដោយប្រាជ្ញានិងការតាំងចិត្តផងដែរ។ ពីអ្នកធាក់ស៊ីក្លូ ពីជនចំណាកស្រុក និងបានក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ហើយបច្ចុប្បន្នក្លាយជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយ «គ្មាននរណាកើតមកក្រទេ» ឯកឧត្តម វ៉េង សិរីវុឌ្ឍ បានជួបជាមួយលោក កៃ គឹមសុង ចាងហ្វាងការផ្សាយអាម៉ាហ្សាឌៀ អេឌូខេសិន ដើម្បីរៀបរ៉ាប់និងចែករំលែកយ៉ាងក្បោះក្បាយនូវខ្សែជីវិតផ្ទាល់របស់ឯកឧត្តមក្នុងកម្មវិធី «ភូមិអ្នកនិពន្ធ»។ សូមទស្សនាកិច្ចសម្ភាសពិស្តារ។