ម្យ៉ាងវិញទៀតការធ្វើទីផ្សារតាមប្រព័ន្ធអនឡាញដែលគេហៅថា ឌីជីថលម៉ាឃេតធីងឬទីផ្សារឌីជីថលមានតម្លៃទាប ថែមទាំងអនុញ្ញាតិឱ្យម្ចាស់អាជីវកម្មបង្ហាញទំនិញរបស់ខ្លួនទៅដល់ដៃក្រុមអតិថិជនគោលដៅដែលខ្លួនបានកំណត់ជាមួយនឹងសារផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាពនិងប្រសិទ្ធិផលខ្ពស់បើប្រៀបធៀបទៅនឹងការធ្វើទីផ្សារតាមបែបប្រពៃណី។

ប្រព័ន្ធវេទិការអនឡាញក៏អាចជួយដល់ម្ចាស់អាជីវកម្មឱ្យកាត់បន្ថយនូវការចំណាយមួយចំនួនដូចជា៖ ការគ្រប់គ្រង់ការលក់ ការផ្តល់សេវ៉ាកម្មដល់អតិថិជននិងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌជាដើម។ មិនតែប៉ុណ្ណោះផ្តល់លទ្ធភាពឱ្យម្ចាស់អាជីវកម្មធ្វើការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន ហើយទទួលបានព័ត៌មានពីតម្រូវការចាំបាច់ជាក់ស្តែងនិងចំណង់ចំណូលចិត្តរបស់អតិថិជន  រួមទាំងទទួលបាននូវមតិយោបល់ពីអតិថិជនដោយផ្ទាល់ដើម្បីឱ្យម្ចាស់អាជីវកម្ម យកទៅពិនិត្យនិងកែលម្អបានទាន់ពេលវេលា។ ក្រៅពីនេះអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចធ្វើការពង្រីកសេវ៉ាកម្មរបស់ខ្លួនបានរហូតដល់២៤ម៉ោងក្នុងមួយថ្ងៃ ឬ៧ថ្ងៃក្នុងមួយសប្តាហ៍ទៀតផងដោយមិនចាំបាច់ត្រូវចំណាយទុនក្នុងការពង្រីកឬផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធអ្វីឡើយ។

សព្វថ្ងៃនេះមានប្រព័ន្ធវេទិការអនឡាញជាច្រើនសម្រាប់អាជីវកម្ម ប៉ុន្តែប្រព័ន្ធវេទិការអនឡាញដែលពេញនិយមនិងប្រើប្រាស់ច្រើនជាងគេលើពិភពលោកគឺហ្វេសប៊ុក។ ហ្វេសប៊ុកមានអ្នកប្រើប្រាស់ប្រចាំថ្ងៃចំនួន២.៩មុឺនលាននាក់និងមានឧបករណ៍និងលក្ខណៈពិសេសជាច្រើនដែលបង្ករភាពងាយស្រួលដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទប្រើប្រាស់។

ដោយឡែកនៅប្រទេកម្ពុជាក៏មានប្រព័ន្ធជាច្រើនដែលកំពុងប្រើប្រាស់សម្រាប់ម្ចាស់អាជីវកម្មដែរដូចជា៖ ទីកតុក អុីនស្តាក្រាម វ័ដ្តស្អាប់និងគេហទំព័រជាដើម។ ប៉ុន្តែហ្វេសប៊ុកនៅតែជាប្រព័ន្ធដែលឈនៅលំដាប់លេខ១ដ៏មានប្រជាប្រិយភាពជាងគេ ទាំងការប្រើប្រាស់ជាលក្ខណៈឯកជននិងសម្រាប់អាជីវកម្ម។ នេះក៏ដោយសារតែម្ចាស់អាជីវកម្មអាចបង្កើតហ្វេសប៊ុកផេគ ឬហាងហ្វេសប៊ុកសម្រាប់លក់ទំនិញ  ធ្វើការផ្សព្វផ្សាយទំនិញឬសេវ៉ាកម្មទៅកាន់អតិថិជនគោលដៅ ឆ្លើយឆ្លងជាមួយអតិថិជន ហើយអតិថិជនអាចធ្វើការបញ្ជារទិញតាមផេគបានយ៉ាងលឿននិងងាយស្រួល។ 

តាមស្ថិតិបានបង្ហាញថានៅដើមឆ្នាំ២០២៤នេះ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាកើនឡើងដល់ ១១.៦៥លាននាក់ស្មើរនឹង៦៨.៤០%នៃចំនួនប្រជាជនទាំងមូល ដែលភាគច្រើនប្រើប្រាស់តាមរយៈឧបករណ៍ទូរស័ព្ទដៃ។ ហើយចំនួននៃការប្រើបណ្តាញទូរស័ព្ទនៅដើមឆ្នាំ២០២៤នេះមានរហូតដល់ ២៤លានគឺស្មើរនឹង១៤៤%នៃប្រជាជនទាំងមូល។

ទិន្នន័យប្រើប្រាស់ហ្វេសប៊ុកនៅប្រទេសកម្ពុជានាដើមឆ្នាំ២០២៤ដែលចងក្រងដោយគេហទំព័រ datareportal.com

នៅប្រទេសកម្ពុជាអាជីកម្មលើប្រព័ន្ធអនឡាញក៏មានការរីកលូតលាស់យ៉ាងលឿនគួរឱ្យកត់សម្គាល់ ដោយអាជីវកម្មជាច្រើនងាកមកលក់តាមអនឡាញ ហើយអ្នកទិញជាច្រើនក៏ងាកមកទិញទំនិញតាមអនឡាញដែរ ដោយសារតែការធ្វើដំណើរនៅតាមដងផ្លូវមានការកកស្ទះចរាចរកាន់តែខ្លាំងចំណាយពេលយូរ ម្យ៉ាងទៀតចំនួនប្រជាជនដែលប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនភ្ជាប់បណ្តាញអុីនធើណែតមានចំនួនកាន់តែច្រើនឡើង ធ្វើឱ្យការចូលទៅកាន់ហាងទំនិញអនឡាញមានភាពងាយស្រួលបូករួមទាំងការដឹកជញ្ជូនដល់ផ្ទះក៏ល្អ។ 

ជាមួយគ្នានេះដែរបច្ចេកវិទ្យានៃប្រព័ន្ធទូទាត់ហិរញ្ញវត្ថុក៏មានការវិវត្តិយ៉ាងលឿន ដោយធនាគារជាច្រើនបានដាក់ឱ្យប្រើប្រាស់ Apps និងប្រព័ន្ធ KHQR Code របស់បាគងដែលជួយសម្រួលដល់ការទូរទាត់មានលក្ខណៈងាយស្រួល សុវត្តិភាព និងអាចត្រួតពិនិត្យឃើញទឹកប្រាក់ភ្លាមៗតាមទូរស័ព្ទដៃ បង្កើតនូវទំនុកចិត្តក្នុងការទិញ-លក់ទំនិញតាមអនឡាញ។

តាមការរបាយការណ៍អង្កេតក្នុងឆ្នាំ២០២៣បានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាប្រមាណ៣០%នៃអ្នកប្រើប្រាស់បណ្តាញសង្គមបានទិញផលិតផលតាមអនឡាញញឹកញាប់ក្នុងមួយខែៗ។ នេះជាទំនោរប្រែប្រួលឥរិយាបទយ៉ាងខ្លាំងនៃអ្នកប្រើប្រាស់ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេងនិងអ្នករស់នៅទីក្រុងភ្នំពេញព្រោះតែប្រព័ន្ធអុីនធើណែតមានភាពទូលំទូលាយ​ ហើយនៅឆ្នាំ២០២៤នេះគេធ្វើការប៉ាន់ប្រមាណថាចំណូលបានពីវិស័យអាជីវកម្មអនឡាញនឹងមានរង្វង់ទឹកប្រាក់ ១២៧.៥លាន ដុល្លារ៍។ និន្នាការនេះនឹងបន្តកើនឡើងជាលំដាប់ដោយគេរំពឹងថាក្នុងឆ្នាំ២០២៨ អ្នកប្រើប្រាស់បណ្តាញសង្គមដែលទិញទំនិញតាមអនឡាញនឹងកើនឡើងរហូតដល់ ៥០% ហើយទីផ្សារអនឡាញក៏នឹងកើនឡើង១៣.៨% ដែលនឹងនាំចំណូលបាន២១៤លានដុល្លារ៍។

លោកសែម សំអាត សហស្ថាបនិកនិងជានាយកគ្រប់គ្រងទូទៅ KSH Digital ដែលជាក្រុមហ៊ុនផ្តល់សេវ៉ាប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្មលើ​ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើអាជីវកម្មបានបញ្ជាក់ឱ្យដឹងពីមូលហេតុចម្បងមួយចំនួននៃការប្រែប្រួលឥរិយាបទទាំងអ្នកប្រើប្រាស់ ទាំងម្ចាស់អាជីវកម្មងាកទៅប្រើប្រាស់បច្ចេកវិទ្យាថា “ទី១ៈ សម្រាប់កម្ពុជាអ្នកជំនាន់ Z មានប្រមាណ២៥%ទៅ៣០%នៃចំនួនប្រជាជន ហើយពួកគាត់ជាជំនាន់ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា ចូលចិត្តទិញទំនិញតាមអនឡាញ ព្រោះវាលឿន មានជម្រើសច្រើន ហើយចំណេញពេល។ បច្ចេកវិទ្យាកាន់តែទំនើបហើយអតិថិជនក៏មានការយល់ដឹងពីបច្ចេកវិទ្យាកាន់តែច្រើន។ ទី២ៈ ម្ចាស់អាជីវកម្មដែលងាកមកប្រើឌីជីថលគឺចង់កាត់បន្ថយចំណាយក្នុងការផ្សព្វផ្សាយ កាត់បន្ថយពេលវេលា និងបង្កើនទំហំនៃការលក់។ ទី៣ៈ ម្ចាស់អាជីវកម្មចង់ពង្រីកទំហំទីផ្សារអតិថិជនពួកគេឱ្យបានធំនិងកាន់តែទូលំទូលាយ ដោយបង្ហាញវត្តមាននៅតាមបណ្តាញឌីជីថល ព្រោះពួកគេមើលឃើញពីសក្តានុពលដែលគ្មានដែនកំណត់។”

ថ្វីត្បិតតែបច្ចេកវិទ្យាមើលទៅមានភាពងាយស្រួលក៏ពិតមែន ប៉ុន្តែការបង្កើតនិងគ្រប់គ្រងហេ្វសប៊ុកផេគត្រូវការចំណេះដឹងនិងជំនាញច្បាស់លាស់មួយ ព្រោះថាបើគ្រប់គ្រងហ្វេសប៊ុកផេគបានត្រឹមត្រូវល្អនឹងនាំឱ្យអាជីវកម្មលូតលាស់រីកចម្រើន តែបើមិនចេះនិងមិនមានជំនាញទេនឹងធ្វើឱ្យខាតបង់លុយកាក់ លក់មិនដាច់ឬក៏ផេគត្រូវក្រុមហ៊ុនហ្វេសប៊ុកប្លុកដោយការបង្ហោះល្មើសលក្ខខណ្ឌហ្វេសប៊ុកជាដើម។ ការងារនេះចំណាយពេលច្រើននិងមានលក្ខណៈស្មុគស្មាញ ដែលទាមទាឱ្យអ្នកប្រើប្រាស់ត្រូវមានគំនិតច្នៃប្រឌិត រួមទាំងការចេះរចនារូបភាព ការបង្កើតផូស្ទើរ ការសរសេរចំណងជើងដើម្បីទាក់ទាញ ការកំណត់អតិថិជនគោលដៅ  ការដាក់ពាក្យគន្លឹះSEOនិងការប្រើប្រាស់ឧបករណ៍សំខាន់ផ្សេងៗជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឱ្យការធ្វើទីផ្សារឌីជីថលនិងផ្សព្វផ្សាយទទួលបានផល។ 

ប្រព័ន្ធឌីជីថលមានប្រយោជន៍ធំធេងណាស់សម្រាប់ជួយអាជីវកម្ម តែទាមទារការយល់ដឹងដើម្បីប្រើប្រាស់វាឱ្យបានផលហើយម្ចាស់អាជីវកម្មត្រូវតែមានចំណេះដឹងជាមូលដ្ឋាន និងត្រូវតែចំណាយពេលសិក្សាស្វែងយល់ពីវប្បធម៌ពាក់ព័ន្ធទៅនឹងវិស័យនេះ។ នេះបើតាមការបកស្រាយរបស់លោក សំអាតដែលមានបទពិសោធយូរលើវិស័យនេះ។  លោកក៏បានពន្យល់ទៀតថា “ចំពោះម្ចាស់អាជីកម្មដែលមករកសេវាកម្មពីពួកយើង ជាដំបូងពួកយើងត្រូវតែចំណាយពេលផ្តល់ការប្រឹក្សាដល់ពួកគាត់ ឱ្យគាត់យល់ពីមូលដ្ឋានគ្រឹះនៃវេទិការទាំងនេះ រួមទាំងបច្ចេកទេសនិងទំនោរអតិថិជនផ្អែកលើផលិតផលរបស់គាត់ ព្រោះការងារឌីជីថលមានច្រើនជ្រុង ហើយអ្វីដែលសំខាន់បំផុតគឺការបង្ហោះមាតិការដែលមានគុណភាពនិងគុណតម្លៃសម្រាប់មហាជន ហើយបង្ហោះដោយទៀតទាត់។” 

ម្ចាស់អាជីវកម្មភាគច្រើនដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីពង្រីកការលក់របស់ខ្លួន ប៉ុន្តែពួកគេភាគច្រើនមិនមានជំនាញ ចំណេះដឹងនិងបទពិសោធគ្រប់គ្រាន់ក្នុងការធ្វើការងារនេះទេ។ ម្ចាស់អាជីវកម្មខ្លះទៀត មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះដោយខ្លួនឯងដែរ គឺត្រូវងាកមកជួលបុគ្គលិកផ្ទាល់ឬក៏ទាក់ទងក្រុមហ៊ុនភ្នាក់ងារទីផ្សារបណ្តាញសង្គមឌីជីថលដើម្បីជួយពួកគេ។ បច្ចុប្បន្ន ភ្នាក់ងារផ្តល់សេវ៉ាកម្មជួយទីផ្សារបណ្តាញសង្គមឌីជីថលនេះកំពុងតែទទួលបានការពេញនិយមពីបណ្តារម្ចាស់អាជីវកម្មតូចនិងមធ្យមនៅប្រទេសកម្ពុជា។ ភ្នាក់ងារទាំងនេះផ្តល់សេវ៉ាចាប់ពីការបង្កើតហ្វេសប៊ុកផេគរហូតដល់ការជួយរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយនិងធ្វើទីផ្សារទ្រង់ទ្រាយធំ។ ភ្នាក់ងារទាំងនេះប្រើប្រាស់យុទ្ធសាស្ត្រ និងតិកនិចផ្សេងៗដើម្បីផ្សព្វផ្សាយម៉ាកយីហោរ បង្កើតទំនាក់ទំនងជិតស្និតជាមួយអតិថិជនគោលដៅឱ្យម្ចាស់អាជីវកម្ម ហើយនិងជួយជំរុញឱ្យអាជីវកម្មដំណើរការល្អតាមផែនការលើកាណាល់បណ្តាញសង្គម។ ការដែលម្ចាស់អាជីវកម្មមានហ្វេសប៊ុកផេគមួយប្រៀបដូចជាពួគគេមានហាងទំនិញឌីជីថលមួយយ៉ាងដូច្នោះដែរ ហើយមានហ្វេសប៊ុកផេគដែលមានអ្នកដើរតាម (followers) ចំនួនកាន់តែច្រើន ធ្វើឱ្យអាជីវកម្មកាន់តែមានទំនុកចិត្តនិងជឿជាក់ពីសំណាក់អ្នកទិញកាន់តែខ្លាំង។ ប៉ុន្តែការកសាងហ្វេសប៊ុកផេគឱ្យមានអ្នកដើរតាមច្រើនមិនមែនជារឿងងាយស្រួលឡើយ ថែមទាំងត្រូវការពេលវេលាយូរទៀតផង។​ តាមរយៈភ្នាក់ងារទីផ្សារបណ្តាញសង្គមឌីជីថលម្ចាស់អាជីវកម្មអាចទិញផេគដែលមានអ្នកដើរតាមចំនួនច្រើនស្រាប់សម្រាប់ប្រើប្រាស់ជាហាងរបស់ខ្លួនដោយមិនចាំបាច់ត្រូវការចំណាយពេលយូរកសាងពីដើមដំបូងឡើយ។

អាជីវកម្មសព្វថ្ងៃមិនអាចកាត់ផ្តាច់ពីបច្ចេកវិទ្យាបានទេ។ ហើយបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងអាជីវកម្មទៀតសោតក៏មានការប្រែប្រួលលឿនជាលំដាប់ដែរ ដូចនេះក្រុមហ៊ុនទាំងឡាយណាដែលអាចសម្របខ្លួនបានលឿនទៅនឹងការផ្លាស់ប្តូរនេះទើបអាចឈជើងរស់រានមានជីវិតបាន ព្រោះថាបច្ចេកវិទ្យានឹងជួយឱ្យអាជីវកម្ម តូច-មធ្យមធ្វើការប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធផលនៅគ្រប់ស្ថានភាពប្រែប្រួលនៃឥរិយាបទទីផ្សារ។ តួយ៉ាងដូចជាអ្នកស្រី គុយ ចន្ទ្រាម្ចាស់ហាងបុស្បាស្ប៉ានិងថៃម៉ាស្សា ដែលមានទីតាំងស្ថិតនៅលើមហាវិថីណតប្រីថ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ពីមុនអ្នកស្រីមិនដែលចាប់អារម្មណ៍លើការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកស្រីទេ។ ក្នុងកំឡុងពេលកូវីដចំណូលហាងអ្នកស្រីបានធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែបិទហាង។ ក្រោយកូវីដហាងចាប់ផ្តើមមានភ្ញៀវខ្លះៗមកវិញភាគច្រើនជាអតិថិជនចាស់ៗពីមុនតែមិនច្រើនឡើយ ពេលខ្លះក៏ស្ងាត់ភ្ញៀវតែម្តង។ ម្យ៉ាងទៀងហាងអ្នកស្រីមិនដែលទទួលបានអតិថិជនថ្មីដែរ។ អ្នកស្រីបានលើកឡើងថា តាមការសង្កេតរបស់អ្នកស្រីឃើញថាដៃគូរប្រជែងក្នុងវិស័យដូចគ្នាបែរជាទទួលបានភ្ញៀវច្រើនទាំងថ្មីទាំងចាស់ក្នុងពេលដែលហាងអ្នកស្រីបែរជាស្ងាត់ភ្ញៀវ ព្រោះឃើញគេមានហ្វេសប៊ុកផេគផ្សព្វផ្សាយនិងប្រូម៉ូត ។ ដោយសារឃើញស្ថានភាពចេះតែដុនដាបទៅៗ អ្នកស្រីក៏សម្រេចចិត្តមកប្រឹក្សាយោបល់ជាមួយអ្នកជំនាញនៅ KSH Digital ហើយងាកមកសាកល្បងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផេគផ្សព្វផ្សាយសេវាកម្ម អាជីវកម្មរបស់អ្នកស្រី។ ចាប់តាំងពីបានប្រើប្រាស់បណ្តាញសង្គមមក អ្នកស្រីបានសង្កេតឃើញហាងអ្នកស្រីក៏ចាប់ផ្តើមមានភ្ញៀវរាល់ថ្ងៃនិងកើនឡើងបន្តិចម្តងៗជាលំដាប់ទាំងភ្ញៀវចាស់ និងភ្ញៀវថ្មីៗដែលពីមុនមិនដែលមានសោះ ហើយបុគ្គលិកអ្នកស្រីចាប់ផ្តើមរវល់ចាប់តាំងពីម៉ោងបើកហាងរហូតដល់ម៉ោងបិទ។ ទាំងអ្នកស្រីទាំងបុគ្គលិកមានការសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកស្រីបានអះអាង​ថា “ឥឡូវហាងខ្ញុំចាប់ផ្តើមរវល់ឡើងវិញហើយ ចាប់តាំងពីម៉ោងបើករហូតដល់ពេលបិទ។ យើងមានភ្ញៀវចាស់ៗ ហើយយើងឃើញមានភ្ញៀវថ្មីៗមកសាកល្បងយ៉ាងហោចណាស់ក៏៣ទៅ៤នាក់ដែរក្នុងមួយអាទិត្យ។ ខ្ញុំសប្បាយចិត្តដោយមានបណ្តាញសង្គមជួយនាំភ្ញៀវមកហាង។” 

លោកចាន់ កុសលស្ថាបនិកក្រុមហ៊ុន KSH Digital ផ្តល់ប្រឹក្សាយោបល់ដល់អ្នកស្រី គុយ ចន្ទ្រាម្ចាស់ហាងបុស្បាស្ប៉ានិងថៃម៉ាស្សា

លោកសំអាតមានទស្សនៈថា “ខ្ញុំមើលឃើញថាការវិវត្តនៃបច្ចេកវិទ្យាបន្តរដំណើរទៅមុខជាលំដាប់មិនថយក្រោយទេ ហើយក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀតនឹងមានការផ្លាស់ប្តូរកាន់តែខ្លាំងជាងនេះ ដូចនេះម្ចាស់អាជីវកម្មដាច់ខាតត្រូវតែរត់ឱ្យទាន់តាមរបត់បច្ចេកវិទ្យាបើមិនដូច្នោះទេពួកគាត់នឹងបាត់បង់ចំណែកទីផ្សារយ៉ាងធំ។”

ចំពោះម្ចាស់អាជីវកម្មណាដែលនៅតែបន្តពឹងផ្អែកទាំងស្រុងទៅនឹងទម្រង់អាជីវកម្មបែបប្រពៃណី ដោយមិនងាកមកចាប់យកប្រព័ន្ធអាជីកម្មអនឡាញទេនោះ ពួកគេនឹងត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជាទីផ្សារមានដែនកំណត់ ថ្លៃប្រតិបត្តិការខ្ពស់ ថ្លៃធ្វើទីផ្សារខ្ពស់ហើយមិនចំគោលដៅ ពិបាកក្នុងការប្រមូលទិន្នន័យដើម្បីរៀបចំយុទ្ធសាស្រ្តឱ្យបានទាន់ពេលវេលា យឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ហើយនឹងមិនមានភាពបត់បែនទាន់សភាពការណ៍នៃការវិវត្តិនៃទីផ្សារ ដែលជាកត្តានាំឱ្យបាត់បង់ចំណែកទីផ្សារ លក់មិនដាច់ ប្រកួតប្រជែងចាញ់គេក្នុងសង្វៀនទីផ្សារឌីជីថល។ សំណួរទៅកាន់ម្ចាស់អាជីវកម្មទាំំងឡាយថាតើលោកអ្នកបានសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អាជីវកម្មរបស់ខ្លួនហើយឬនៅ?

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព