ចាប់តាំងពីបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនគួរឱ្យកត់សម្គាល់។ កិច្ចព្រមព្រៀងទាំងនេះដែលបានចូលជាធរមាននៅដើមឆ្នាំ ២០២២ គឺបានជួយជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការស្តារសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជាក្រោយការរាតត្បាតនៃ ជំងឺកូវីដ-១៩។
កិច្ចព្រមព្រៀងទាំងនេះបានជួយឱ្យប្រទេសកម្ពុជាឈានជើងចូលទៅកាន់ទីផ្សារនៃបណ្តាប្រទេសជាដៃគូដោយភាពងាយស្រួល និងកាត់បន្ថយពន្ធអាករ ដែលធ្វើឱ្យមានការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសសមាជិកដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ដោយបានបើកឱកាសថ្មីសម្រាប់អាជីវកម្ម កម្ពុជាមានទីផ្សារកាន់តែទូលំទូលាយ។ ជាងនេះទៀត កិច្ចព្រមព្រៀង CCFTA ក៏បានពង្រឹងពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរវាងកម្ពុជា និងចិន ដោយជំរុញឱ្យធុរកិច្ចចិនវិនិយោគលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ តាមរយៈការកើនឡើងនៃការនាំចេញទំនិញក្នុងស្រុកទៅកាន់ទីផ្សារនៃសមាជិក RCEP ការវិនិយោគផ្ទាល់ពីបរទេស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូ។
យោងតាមរបាយការណ៍ពីធនាគារពិភពលោក និង IMF បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៣.០% ក្នុងឆ្នាំ ២០២១ និង ៥.២% នៅឆ្នាំ ២០២២ ហើយ ៥.៥% ក្នុងឆ្នាំ ២០២៣ ដែលជាការស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះ ៣.១% ក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ក្នុងឆ្នាំ២០២៤ នេះត្រូវបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដល់ ៥.៨%។ ការងើបឡើងវិញនេះត្រូវបានជំរុញជា ចម្បងដោយការងើបឡើងវិញនៃវិស័យសេវាកម្ម និងវិស័យនាំចេញទំនិញដែលគាំទ្រដោយអត្ថប្រយោជន៍ ពាណិជ្ជកម្មពីកិច្ចព្រមព្រៀង RCEP និង CCFTA។
កិច្ចព្រមព្រៀងទាំងនេះបានជួយឱ្យការនាំចេញរបស់កម្ពុជាមានការមមាញឹក។ ជាឧទាហរណ៍ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេស RCEP បានកើនឡើង ១៦.២% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដែលមានចំនួនទឹកប្រាក់ប្រមាណ ៣.៣៦ ពាន់លានដុល្លារ។ CCFTA ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនការនាំចេញកសិផលរបស់កម្ពុជា ជាពិសេសផ្លែឈើស្រស់ទៅកាន់ប្រទេសចិន។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏បានទទួលផលជាវិជ្ជមានផងដែរ។ CCFTA និង RCEP បានបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់អ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងឧស្សាហកម្មផលិត និងកែច្នៃកសិផល។ លំហូរនៃការវិនិយោគលើវិស័យនេះមានសារៈសំខាន់ក្នុងការជំរុញការស្ទុះងើបសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យថ្មីលើសពីឧស្សាហកម្មកាត់ដេរប្រពៃណីដែលកម្ពុជាមានកន្លងមក។
ជារួមក្នុងលក្ខណៈម៉ាក្រូកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះមិនត្រឹមតែបានជួយកម្ពុជាឱ្យងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់មូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងលក្ខណះម៉ាក្រូរយៈពេលវែង តាមរយៈការធ្វើពិពិធកម្មការនាំចេញ ការទាក់ទាញការវិនិយោគពីបរទេស និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដៃគូ៕