ដោយស្រង់សំដីរបស់ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Shouwen ដែលបាននិយាយកាលពីថ្ងៃសៅរ៍ នៅទីក្រុងធានជីន, ក្រសួងពាណិជ្ជកម្ម ចិនបានរាយការណ៍ថា ប្រទេសចិនសម័យទំនើប ដែលមានចំនួនប្រជាជនច្រើនសម្បើម គឺជាឱកាសមួយ, មិនមែនជាការគំរាមកំហែង សម្រាប់សហរដ្ឋអាមេរិកនោះទេ។
កិច្ចពិភាក្សា ដែលអនុរដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោកស្រី Marisa Lago ជាសហប្រធាន គឺជាលើកទី២ហើយ ក្នុងឆ្នាំនេះ ដែលមានការចូលរួមពីក្រុមមន្ត្រីទាំងពីរ និងកើតមានឡើង ចំពេលមានភាពតានតឹងខាងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ។
កាលពីដើមសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា អាមេរិកគួរតែលើកលែងពន្ធគយទាំងអស់លើទំនិញចិន នៅមុនពេលការប្រកាសដោយរដ្ឋបាល លោកបៃដិន ស្តីពីការដំឡើងពន្ធដែលគេរំពឹងទុកក្នុងការហូតពន្ធទំនិញដែលផលិតនៅប្រទេសចិន ក្នុងនោះមានទាំងពន្ធរថយន្តអគ្គិសនីផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សា “ប្រកបដោយវិជ្ជាជីវៈ សមហេតុផល និងជាក់ស្តែង” ស្តីពីគោលនយោបាយ និងបញ្ហាអាជីវកម្ម ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។
ក្រសួងនោះ បានបន្ថែមថា ប្រទេសចិន បានផ្តោតសំខាន់លើការសម្តែងក្តីបារម្ភអំពីបញ្ហាទាំងអស់ ក្នុងមានទាំងបញ្ហាពន្ធរបស់អាមេរិកលើទំនិញរបស់ចិន។ ប្រទេសចិន បានជំទាស់នឹងការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគ ក្រោមលេសថាលើសចំណុះ៕