រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃ មានភាពរឹងមាំយ៉ាងខ្លាំងនិងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានគេរំពឹងថា នឹងមានកំណើនតិចតួចក្នុងឆ្នាំនេះ ហើយធនាគារកណ្តាល គួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។
លោក ភីឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល ដោយបន្តការខ្វែងគំនិតគ្នាជាច្រើនខែម្ហើយ រវាងរដ្ឋាភិបាល និងធនាគារកណ្តាល ជុំវិញការកំណត់អត្រាការប្រាក់នេះ។
កាលពីថ្ងៃច័ន្ទតែមួយ ប្រាក់បាត គឺកម្រិតរឹងមាំបំផុត គឺ ៣៣.១៦ បាត ក្នុដ១ដុល្លារ រយៈពេលជាង ១៨ ខែមកហើយ ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ក្រសួងពាណិជ្ជកម្ម កាលពីខែមុន បានរក្សាគោលដៅកំណើននាំចេញរបស់ខ្លួនពេញ១ឆ្នាំក្នុងអត្រា ១%ទៅ ២%។ សម្រាប់រយៈពេលពីខែមករា ដល់ខែកក្កដា ការនាំចេញ បានកើនឡើង ៣.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
កាលពីខែសីហា ធនាគារកណ្តាល បានរក្សាអត្រាការប្រាក់សំខាន់ៗត្រឹម ២.៥០% សម្រាប់កិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថាការកំណត់គោលនយោបាយ ស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈ ខ្លួនទប់ទល់នឹងការអំពាវនាវរបស់រដ្ឋាភិបាល ឱ្យកាត់បន្ថយអត្រាការប្រាក់។ ការវាយតម្លៃអត្រាការប្រាក់បន្ទាប់ គឺនៅថ្ងៃទី ១៦ ខែតុលាខាងមុខ។
កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា ឯករាជ្យភាពរបស់ធនាគារកណ្តាល គឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ ដើម្បីអនុលោមតាមការជំរុញសារពើពន្ធដែលបានគ្រោងទុក ខណៈខ្លួនសំឡឹងទៅចាប់ផ្តើមឡើងវិញ លើសេដ្ឋកិច្ច របស់ប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ។
រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមដំណាក់កាលដំបូងនៃកម្មវិធី “កាបូបឌីជីថល” របស់ខ្លួននៅចុងខែនេះ ដែលខ្លួននឹងចែក១៤៥ ពាន់លានបាត (៤.៤ ពាន់លានដុល្លារ) ដល់ក្រុមពលរដ្ឋដែលងាយរងគ្រោះ។ វិធានការជំរុញសេដ្ឋកិច្ចសរុបចំនួន ៤៥០ ពាន់លានបាតនេះ មានគោលបំណងផ្តល់ប្រាក់ ១ម៉ឺន បាត ដល់ប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីចាយវាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
គ្រោងការណ៍នេះ ត្រូវបានរិះគន់ដោយក្រុមអ្នកសេដ្ឋកិច្ច ក្នុងនោះមានទាំងអតីតទេសាភិបាលធនាគារកណ្តាល២រូបថា មិនមានការទទួលខុសត្រូវខាងសារពើពន្ធ។ រដ្ឋាភិបាល ច្រានចោលការរិៈគន់ន៉ ប៉ុន្តែបាន ជួបបញ្ហាក្នុងស្វែងរកប្រភពថវិកា។
រដ្ឋាភិបាល ទទូចថា គោលនយោបាយនេះ គឺចាំបាច់ដើម្បីពង្រឹងថាមពលសេដ្ឋកិច្ចដែលធនាគារកណ្តាលរំពឹងថា នឹងកើនឡើងត្រឹមតែ ២.៦% នៅឆ្នាំនេះ គឺកើនឡើងពី ១.៩% ពីឆ្នាំ ២០២៣ និងមានកម្រិត កំណើទាបជាងបណ្តាដៃគូ ក្នុងតំបន់ភាគច្រើន។
ទេសាភិបាលធនាគារកណ្តាល លោក សេដ្ឋាភុត សុធីវ៉ាត់ ណារុភុត(Sethaput Suthiwartnaruput) បាននិយាយថា ទោះជាយ៉ាងនេះក្តី កំណើន គឺទាបជាងសក្តានុពល ដោយសារតែតែបញ្ហារចនាសម្ព័ន្ធ ៕
(1$ = 33.1600 បាត)
នាយករដ្ឋមន្រ្តីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារនេះថា ជាផ្នែកមួយនៃការចែកប្រាក់ឌីជីថល ៤៥០ពាន់លានបាត ($១៣.១ ពាន់លាន) របស់រដ្ឋាភិបាល នឹងត្រូវបានចែកចាយជាលុយសុទ្ធផងដែរ នៅក្នុងការកែប្រែ១ទៀត ចំពោះគោលនយោបាយប្រជានិយមដ៏លេចធ្លោរបស់ខ្លួន។
លោកជំទាវ នបន្ថែមថា ព័ត៌មានលម្អិតនៅតែត្រូវបានបញ្ចប់ និងត្រូវប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយមួយ ទៅកាន់សភា។
អំណោយលុយឌីជីថលនេះ ពីមុនធ្លាប់បានបញ្ចូលជាទឹកប្រាក់ចំនួន ១ម៉ឺនបាត (២៩២ ដុល្លារ) ជាឥណទានទៅកាន់ប្រជាជនថៃចំនួន ៥០លាននាក់ តាមរយៈកម្មវិធីស្មាតហ្វូន ដើម្បីចំណាយក្នុងតំបន់របស់ពួកគេ ក្នុងរយៈពេល៦ខែ។
ភ្លាមៗនេះ គេមិនទាន់ច្បាស់នៅឡើយថាតើ ថវិកាប៉ុន្មានសម្រាប់កម្មវិធីនេះ នឹងត្រូវចែកជាលុយសិទ្ធនោះទេ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មិនអាចទាក់ទងបានភ្លាមៗដែរ។
ការពន្យល់ពីលោកជំទាវ ផែថងថាន វ័យ៣៨ឆ្នាំនេះ បានកើតឡើង២សប្តាហ៍បន្ទាប់ពីលោកជំទាវ ត្រូវបានជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃដោយសភា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ដែលជាអ្នកតស៊ូមតិដ៏ធំបំផុតរបស់គោលនយោបាយនេះ ត្រូវបានតុលាការបណ្តេញចេញពីតំណែង ។
រដ្ឋាភិបាលថ្មីមួយ ត្រូវបានគេរំពឹងថា នឹងបង្កើតឡើងនៅត្រឹមពាក់កណ្តាលខែកញ្ញា ដោយបញ្ជីគណៈរដ្ឋមន្ត្រី បានបញ្ចប់រួចហើយ ប៉ុន្តែមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។
កម្មវិធីជំរុញទឹកចិត្ត ដែលជាវេទិកាបោះឆ្នោតដ៏សំខាន់របស់គណបក្សភឿថៃដែលកំពុងកាន់អំណាចនេះ មានគោលបំណងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ ដែលកំពុងដើរយឺតជាងប្រទេសដៃគូក្នុងតំបន់។
ប្រតែសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ បានកើនឡើង ២.៣% នៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនា ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថា ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធបានបង្កបញ្ហាដល់ទស្សនៈវិស័យនេះ។
ធនាគារកណ្តាល បានព្យាករកំណើនសេដ្ឋកិច្ច ២.៦% សម្រាប់ឆ្នាំនេះ បន្ទាប់ពីការកើនឡើង ១.៩% កាលពីឆ្នាំមុន។
ក្រុមអ្នកសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាល២រូប បានរិះគន់កម្មវិធីចែកប្រាក់នេះថា មិនមានទំនួលខុសត្រូវផ្នែកសារពើពន្ធ ហើយរដ្ឋាភិបាលបានពន្យារពេលគម្រោងនេះ ដោយសារតែបញ្ហាថវិកា។ កម្មវិធីនេះ នឹងត្រូវដាក់ឱ្យដំណើរការនៅត្រីមាសចុងក្រោយនេះ។
ក្រុមមន្ត្រីរដ្ឋាភិបាល បានសន្យាថា ផែនការនេះនឹងប្រកាន់ខ្ជាប់នូវវិន័យសារពើពន្ធ។
លោកជំទាវ ផែថងថាន គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅតែត្រូវបានគេមើលឃើញថាជាកម្លាំងដ៏សំខាន់ នៅក្នុងនយោបាយ។
នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រមុខប្រតិបត្តិកំពូលកាលពីខែមុន លោកថាក់ស៊ីន បានគាំទ្រគម្រោងកាបូបឌីជីថលនេះ និងកាលពីមុនបាននិយាយថា ការបែងចែកផ្នែកមួយនៃអំណោយជាសាច់ប្រាក់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមមនុស្ស ដែលងាយរងគ្រោះ៕
ប៉ុន្មានថ្ងៃបន្ទាប់ពីការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតពុំធ្លាប់មានរបស់ប្រទេសថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានដាក់ថ្នាំបន្សាបទៅលើបណ្តាបញ្ហាគោលនយោបាយ១ ដែលបាននិងកំពុងតែពុំងំអស់ពេលជាច្រើនខែមកហើយ។
នៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីនាងទទួលបានតំណែងនេះ លោកជំទាវ ថែថងថាន បាននិយាយថា ផែនការជំរុញសេដ្ឋកិច្ចចំនួន ១៤ពាន់លានដុល្លារ ដែលជាការសន្យាយុទ្ធនាការសំខាន់១ពីនាយករដ្ឋមន្ត្រីមុន ត្រូវការការត្រួតពិនិត្យឡើងវិញបន្ថែមទៀត ដើម្បីមើលថា តើវាអនុលោមទៅតាមច្បាប់របស់ប្រទេស ស្តីពីវិន័យសារពើពន្ធដែរឬទេ។ នោះ គឺជាបញ្ហាចុងក្រោយបំផុត នៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ដោយវាបានធ្លាក់ដល់ក្រោមការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការផលិតកាន់តែយឺត។
លោកជំទាវ ផែថងថាន បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបណ្តេញលោក ស្រេតថា ថាវីស៊ីន ចេញពីតំណែងពីបទរំលោភក្រមសីលធម៌។ លោកស្រី សេដ្ឋា ត្រូវបានចោទប្រកាន់ពីបទតែងតាំងរដ្ឋមន្ត្រី១រូប ដែលមានទោសព្រហ្មទណ្ឌ។
លោកជំទាវ ផែថងថាន គឺជាកូនស្រីពៅរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាស និងជាក្មួយស្រីរបស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីផងដែរ។
លោកស្រេតថា ដែលគាំទ្រដោយលោកថាក់ស៊ីនផងដែរនោះ បានយកការជំរុញសេដ្ឋកិច្ចនោះ ជាផ្នែកសំខាន់១នៃយុទ្ធនាការរបស់លោក នៅក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន និងបានបន្តជំរុញវា ក្នុងនាមជាជានាយករដ្ឋមន្ត្រី ដោយហៅវាថាជា “គោលនយោបាយផ្លាស់ប្តូរជីវិត សម្រាប់ប្រជាជន”។
កាលពីខែកក្កដា លោក ស្រេតថា បាននិយាយថា ជនជាតិថៃអាចចាប់ផ្តើមចុះឈ្មោះនៅថ្ងៃទី១ ខែសីហា សម្រាប់ការប្រគល់ប្រាក់បែបឌីជីថល។ កម្មវិធីនេះ មានបំណងផ្តល់ឱ្យប្រជាជនថៃពេញវ័យចំនួន ៥០លាននាក់ ដោយក្នុងម្នាក់ទទួលបាន១០,០០០(១ម៉ឺន) បាតថៃ ($២៩០) នៅក្នុងការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលតាមរយៈកាបូបឌីជីថលនៅត្រីមាសទី៤ នៃឆ្នាំនេះ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់, ក្រុមអ្នកទទួល ត្រូវតែជាអ្នករកប្រាក់ចំណូលបានតិចជាង ៧០,០០០បាតក្នុងមួយខែ (២,០៣០ ដុល្លារ) និងតិចជាង ៥០០,០០០ បាត (១៤,៥០០ ដុល្លារ) ក្នុងគណនីសន្សំ។
ប៉ុន្តែក្រុមអ្នករិះគន់ ក្នុងនៅមានទាំងក្រុមអ្នកសេដ្ឋកិច្ច, អតីតមន្ត្រីធនាគារកណ្តាល និងក្រុមអ្នកនយោបាយប្រឆាំងផង បានអះអាងថា ការជំរុញដោយផ្ទាល់១ ដែលអាចឈានដល់ ១៤ពាន់លានដុល្លារនឹងធ្វើឱ្យឱនភាពសេដ្ឋកិច្ចថៃកាន់តែអាក្រក់ទៅៗ។ និងបង្កឲ្យមានអតិផរណា។ កាលពីខែមេសា នាយកថវិការបស់ប្រទេសថៃ បានព្រមានថា គម្លាតសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន នឹងកើនឡើង ២៣.៦ ពាន់លានដុល្លារ ដែលស្មើនឹង ៤.៤% នៃផលទុនជាតិសរុប។
ការគម្រាមកំហែងនៃបញ្ហាប្រឈមផ្លូវច្បាប់ បានរុញច្រានឱ្យ លោកស្រេតថា ធ្វើការឡើងវិញលើគំរូមូលនិធិសម្រាប់កញ្ចប់ជំរុញទឹកចិត្តរបស់គាត់នេះ។ ជំនួសឲ្យការស្តាចំពោះការខ្ចីប្រាក់តែ១ដង លោកស្រេតថា បែរជាស្នើឱ្យប្រើប្រាស់ថវិការដ្ឋ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួនវិញ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ក៏ដូចជាថវិកាបន្ថែមពីឆ្នាំសារពើពន្ធបច្ចុប្បន្ន។
តើសេដ្ឋកិច្ចថៃ មានអ្វីកើតឡើង?
ប៉ុន្តែជាមួយនឹងនាយករដ្ឋមន្ត្រីថ្មី, ផែនការជំរុញទឹកចិត្ត ១៤ពាន់លានដុល្លារនេះ អាចនឹងត្រូវបានត្រួតពិនិត្យកែសម្រួលម្តងទៀត។
សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវការជំនួយ។ សេដ្ឋកិច្ចប្រទេសនេះ បានពង្រីកត្រឹមតែ ១.៩% ប៉ុណ្ណោះកាលពីឆ្នាំមុន ដោយដើមិនទាន់សមភាគីក្នុងតំបន់នោះទេ។ ប្រទេសនេះ គឺជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះ សេដ្ឋកិច្ចខ្សោយជាងប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងម៉ាឡេស៊ី ដែលកំពុងតែទាក់ទាញការផលិតយ៉ាងខ្លាំងក្លា។
លោកស្រី Alexandra Hermann សេដ្ឋវិទូនាំមុខគេសម្រាប់ការព្យាករណ៍ម៉ាក្រូនិងការវិភាគ នៅ Oxford Economics យល់ឃើញថា ក្តីសង្ឃឹមរបស់រដ្ឋាភិបាលដែលថា ការជំរុញនេះ នឹងជួយបង្កើនផលទុនជាតិសរុប ១.៦% គឺ “មានសុទិដ្ឋិនិយមខ្ពស់” ខណៈ”លុយឌីជីថលនេះ អាចត្រូវបានចំណាយតែនៅក្នុងហាងដែលបានចុះបញ្ជី នៅក្នុងមណ្ឌលបោះឆ្នោតមួយប៉ុណ្ណោះ ដោយមានការរឹតត្បិតបន្ថែមទៀត លើវត្ថុណាខ្លះ ដែលប្រាក់នេះ អាចចាយបាន” ។
សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងចាប់ផ្តើមងើបឡើងវិញមុនការរំពឹងទុក ដោយមានកំណើនពី១មួយឆ្នាំទៅ១ឆ្នាំចំនួន ២.៣% ក្នុងត្រីមាសកន្លងទៅ។ ការលូតលាស់នេះ ត្រូវបានជំរុញដោយការចំណាយរបស់រដ្ឋាភិបាលកាន់តែច្រើន និងការនាំចេញ ។ យ៉ាងណាក៏ដោយ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ បានកត់សម្គាល់ថា ការវិនិយោគរដ្ឋ និងឯកជនជាច្រើន បានចុះកិច្ចសន្យារួចហើយ ដោយចង្អុលបង្ហាញពីភាពទន់ខ្សោយ នៅក្នុងសេដ្ឋកិច្ច។
ប្រទេសថៃ មានកម្រិតបំណុលគ្រួសារខ្ពស់បំផុតមួយ នៅក្នុងតំបន់គឺ ៩២% នៃផលទុនជាតិសរុប ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ និងខ្ពស់ជាង ៧០% ដែលបានកត់ត្រាក្នុងរយៈពេល១ទសវត្សរ៍មុន។ បំណុលដ៍ខ្ពស់ គាបសង្កត់ក្រុមអ្នកប្រើប្រាស់ ជាគ្រួសារនូវអាទិភាពលើការសងប្រាក់កម្ចីរបស់ពួកគេ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏អាចកំពុងខាតបង់ពីសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍របស់ខ្លួនដែរ។ លោកស្រី Hermann កត់សម្គាល់ថា កំណើនរបស់ប្រទេសថៃ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៨ ត្រូវបានជំរុញភាគច្រើនដោយវិស័យទេសចរណ៍ ទោះបីជាវិស័យផ្សេងទៀតបានធ្លាក់ចុះក៏ដោយ។ ប៉ុន្តែជំងឺកូវីដ បានវាយលុកវិស័យទេសចរណ៍របស់ថៃ ដែលនៅមិនទាន់ធូរស្បើយដល់កម្រិតមុនការរាតត្បាតនៅឡើយ។ ប្រទេសនេះ បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបន្ធូរបន្ថយទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរម្តងហើយម្តងទៀត។ លទ្ធភាពវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន ក៏អាចនាំឱ្យមានកំណើនផងដែរ។
ប៉ុន្តែសេដ្ឋកិច្ចដែលនៅសល់ គឺកំពុងជួបការលំបាក។ លោក ភីឆៃ ឈុនហាវជ្ជរ៉ា (Pichai Chunhavajira) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលចាំផ្ទះ បាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចគឺ “ស្ទើរតែជួបវិបត្តិហើយ” ដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងការផលិតដែលមិនមានការប្រកួតប្រជែង។ លោកបន្តថា ការនាំចេញមានចំនួន ៧០% នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ប៉ុន្តែវិស័យផលិតកម្ម មិនអាចបំពេញតម្រូវការបានទេ។
ខណៈដែលប្រទេសថៃ នៅតែជាមជ្ឈមណ្ឌលផលិតរថយន្តលេចធ្លោក្នុងតំបន់ វិស័យផលិតកម្មដែលនៅសល់ នៅតែផ្តោតលើផលិតផលចាស់ៗ ដូចជាគ្រឿងម៉ាស៊ីនការិយាល័យ – ដូចជាទូរសព្ទ និងម៉ាស៊ីនព្រីន – នៅតែរាប់ថាពជាការនាំចេញដ៏សំខាន់។ លោកស្រី Syetarn បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវថ្មីៗនេះថា ឧស្សាហកម្មអេឡិចត្រូនិករបស់ប្រទេសថៃ ផ្តោតលើការផលិតបន្ទះឈីបដែលចាស់ៗ មានន័យថា វា “មិនអាចទាញយកប្រយោជន៍ពីការរីកចម្រើនដែលជំរុញដោយ AI ដែលបានផ្តល់អត្ថប្រយោជន៍ដល់សមភាគីអាស៊ីភាគឦសានរបស់ខ្លួនបានឡើយ” ។
លោកស្រី Syetarn ពន្យល់ថា ប្រទេសថៃត្រូវការនិស្សិតបញ្ចប់ការសិក្សាផ្នែក IT និងវិទ្យាសាស្រ្តបន្ថែមទៀត ដើម្បីចាប់យកការងារនៅក្នុងឧស្សាហកម្មច្នៃប្រឌិត ដើម្បីជួយធ្វើឱ្យប្រទេសកាន់តែមានភាពទាក់ទាញ ធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជាម៉ាឡេស៊ី និងវៀតណាម ហើយឈានទៅមុខ ក្នុងការប្រកួតប្រជែងរកចំណែក នៃខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់។
លោកស្រី Hermann បាននិយាយថា៖ “អស្ថិរភាពនយោបាយ មិនមែនជារឿងថ្មីទេនៅក្នុងប្រទេសថៃ ប៉ុន្តែវាពិតជាមានទម្ងន់លើទំនុកចិត្តរបស់វិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក”៕
កូនស្រីពៅរបស់អតីតមេដឹកនាំថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈ្នះការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយបញ្ចប់ភាពច្របូកច្របល់ ដែលគេឃើញតុលាការបណ្តេញនាតយករដមន្ត្រីមុន និងរំលាយគណបក្សប្រឆាំងកំពូល។
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៤៧ឆ្នាំ ទទួលបានការគាំទ្រពីសមាជិកសភាចំនួន ៣១៩ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០រូប ដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់នេះមិនធ្លាប់មានពីមុនមក។ ការហក់ឡើងរបស់លោកជំទាវនៅតែរក្សាភាពស្អិតរមួតរវាងគណបក្សភឿថៃដែលគ្រប់គ្រងដោយត្រកូលស៊ីណាវ៉ាត្រា និងគណបក្សអភិរក្សនិយមរាជានិយម និងគណបក្សគាំទ្រដោយយោធាមួយចំនួន ដែលបានចូលរួមនឹងគ្នា បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន។
លោកជំទាវផែថងថាន បង្ហាញនូវភាពភ័យព្រួយនៅពេលថ្លែងទៅកាន់ក្រុមអ្នកកាសែតជាលើកដំបូងបន្ទាប់ពីការបោះឆ្នោតសភា។ លោកជំទាវ បានបដិសេធមិនឆ្លើយសំណួរណា ដែលស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកស្រី ដោយបញញជាក់ថា លោកជំទាវ នឹងរង់ចាំរហូតដល់ការតែងតាំងរបស់លោកជំទាវ ត្រូវបានអនុម័តដោយព្រះមហាក្សត្រ មហា វីជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ។
លោកជំទាវ ផែថងថាន បាននិយាយដោយសំឡេងញ័រថា៖ “ខ្ញុំមិនដែលគិតថា ខ្ញុំជាមនុស្សឆ្លាតបំផុតនៅក្នុងបន្ទប់នោះទេ ប៉ុន្តែខ្ញុំមានការជំរុញទេកចិត្តច្បាស់លាស់ ហើយខ្ញុំមានក្រុមខ្លាំងនៅជាមួយខ្ញុំ។ ឪពុកខ្ញុំ បានផ្ញើសារតាម Facetime ប្រាប់ខ្ញុំឲ្យធ្វើឲ្យអស់ពីសមត្ថភាព។ គាត់ បាននិយាយថា គាត់សប្បាយចិត្តដែលបានឃើញកូនស្រីរបស់គាត់ នៅក្នុងតំណែងនេះ មុនពេលគាត់កើតជំងឺចាស់ភ្លេចភ្លាំង»។
លោកជំទាវ ផែថងថាន ហៅអ៊ុងអ៊ីន ក្លាយជាសមាជិកទី៣នៃត្រកូលស៊ីនណាវ៉ាត្រា ដ៏មានឥទ្ធិពលក្នុងការដឹកនាំប្រទេស។ ឪពុករបស់លោកជំទាវ ត្រូវបានបណ្តេញពីអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០៦ ខណៈពេលដែលម្តាយមីង គឺលោកទាវ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបានដកហូតសិទ្ធិដោយតុលាការ១ បន្តិចមុនពេលយោធាឡើងកាន់កាប់នៅឆ្នាំ ២០១៤។
លោកជំទាវ ផែថងថាន ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងកំពូលនេះ បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ថៃបានបណ្តេញលោក ស្រេថា ថាវីស៊ីន ពីតំណែងនោះ ក្នុងសំណុំរឿងរំលោភក្រមសីលធម៌។ ការកាន់តំណែងរយៈពេល ១១ខែរបស់គាត់ គេបានឃើញ គណបក្សរបស់គាត់ធ្លាក់ចុះប្រជាប្រិយភាព ខណៈដែលបក្សឆ្ពោះទៅមុខ ដែលត្រូវបានរំរំលាយ- ជាបក្សឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ហើយពេលនេះក្លាយជាគូប្រជែងសំខាន់របស់ស្ថាប័នរាជានិយម – កើនប្រជាប្រិយជាលំដាប់។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសុក្រ ឲ្យដឹងថា ខណៈលោកជំទាវ ផែថងថាន អាចបន្តគោលនយោបាយជាច្រើន ដែលរដ្ឋបាលរបស់ស្រេថា អនុវត្ត, លោកជំទាវ អាចនឹងបោះបង់ចោលផែនការចែកលុយម្នាក់ ១០០០០ បាត (285 ដុល្លារ) ដល់មនុស្សពេញវ័យប្រមាណ ៥០លាននាក់ ដើម្បីជំរុញសេដ្ឋកិច្ច ។ កាសែត Krungthep Turakij ជាភាសាថៃបានរាយការណ៍ថា សមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លោក ស្រេថា អាចនៅតែកាន់តួនាទីរបស់ពួកគេដដែល ខណៈ លោក ភីឆៃ ឈុនហាវជ្ជរ៉ា (Pichai Chunhavajira) ដែលដឹកនាំក្រសួងហិរញ្ញវត្ថុ អាចនឹងត្រូវគេជំនួស។
ក្រៅពីការរក្សាសម្ព័ន្ធភាពជាមួយគ្នា លោកជំទាវផែថងថាន នឹងត្រូវស្វែងរកមធ្យោបាយ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចដែលយឺត, ទាក់ទាញការវិនិយោគបរទេសទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងទប់ស្កាត់ការហូរចេញ នៃមូលនិធិបរទេសពីផ្សារភាគហ៊ុនរបស់ថៃ។
សន្ទស្សន៍ហ៊ុនគោលរបស់ប្រទេសថៃ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលដំណើរការអាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំនេះ ជាមួយនឹងមូលនិធិបរទេស កំពុងដកប្រាក់ជាង ៣ពាន់លានដុល្លារក្នុងអំឡុងពេលនេះ។ ប្រាក់បាត បានខាតបង់ប្រហែល ២.៦% ក្នុងឆ្នាំនេះ ហើយក្រុមអ្នកវិនិយោគបរទេស បានលក់មូលបត្របំណុលសុទ្ធចំនួន ៦៩១លានដុល្លារក្នុងសប្តាហ៍នេះ ជាសញ្ញាមួយបង្ហាញថា ក្រដាសប្រាក់នេះ កំពុងបាត់បង់ការតម្លៃរបស់វាហើយ។
និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ Surrey រូបនេះ ពីមុនបានអនុគ្រោះអត្រាការប្រាក់ទាប និងបានរិះគន់ធនាគារកណ្តាល ដោយនិយាយថាស្វ័យភាពរបស់ខ្លួនបានបង្កជា “ឧបសគ្គ” ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស។ ធនាគារកណ្តាលថៃ បានរក្សាការចំណាយលើការខ្ចីប្រាក់ ក្នុងកម្រិតខ្ពស់មួយទសវត្សរ៍ ក្នុងអត្រា ២,៥% ដោយមិនអើពើនឹងការការអំពាវនាបពីលោក ស្រេតថា និងជំនួយការរបស់លោក ដើម្បីកាត់បន្ថយអត្រាការប្រាក់។
លោកជំទាវ ផែថងថាន បាននិយាយកាលពីថ្ងៃសុក្រថា៖ “ខ្ញុំបានសម្រេចចិត្តថា វាដល់ពេលដែលត្រូវធ្វើអ្វីមួយសម្រាប់ប្រទេស និងគណបក្សនេះហើយ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យប្រទេសនេះដើរទៅមុខ។ នោះគឺជាអ្វីដែលខ្ញុំព្យាយាមធ្វើ។ ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា មានកិត្តិយស និងរីករាយខ្លាំងណាស់»។
ការគាំទ្រពីក្រុមអភិរក្សនិយម ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ គឺជាសញ្ញាមួយបង្ហាញថា កិច្ចព្រមព្រៀងរវាងក្រុមគាំទ្ររាជានិយម ដែលអនុញ្ញាតឱ្យលោកថាក់ស៊ីន វិលត្រឡប់ពីការនិរទេសខ្លួនរយៈពេល ១៥ឆ្នាំគឺស្ថិតក្នុងសភាពដដែល។ គណបក្សប្រឆាំងធំ ដែលពេលនេះត្រូវគេស្គាល់ថា ជាគណបក្សប្រជាជន កំពុងស្វែងរកកំណែទម្រង់ច្បាប់១ ដែលការពារព្រះមហាក្សត្រ និងក្រុមរាជ្យវងកំពូលជាច្រើនទៀត អំពីការរិះគន់។
ទោះបីជាជ័យជម្នះរបស់លោកជំទាវ បានបញ្ចប់ត្រឹមរយៈពេលខ្លី១ នៃភាពមិនប្រាកដប្រជាខាងនយោបាយក៏ដោយ ក៏វានៅតែនៅឆ្ងាយពីភាពប្រាកដប្រជាថា រដ្ឋាភិបាលរបស់លោកជំទាវ នឹងមានស្ថិរភាពពិតប្រាកដ។ ស្រមោលឪពុករបស់លោកជំទាវ ដែលជាអតីតនាយករដ្ឋមន្ត្រី២សម័យកាល ដែលនៅតែមានឥទ្ធិពលច្រើនលើនយោបាយថៃ នឹងលេចចេញនៅពីក្រោយការដឹកនាំរបស់លោកជំទាវ។
សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Mahidol ក្នុងប្រទេសថៃ លោក ពុនឆាដា ស៊រីវុណ្ណាបុត (Punchada Sirivunnabood) បាននិយាយថា៖ “លោកជំទាវ នឹងក្លាយជាអាយ៉ងរបស់ឪពុកនាង ហើយទំនងជាមិនអាចធ្វើអ្វីបានច្រើនទេ” ។ បញ្ហា នៅតែមានថា តើលោកជំទាវ នឹងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ច បានយ៉ាងណា បើសូម្បីតែ លោកស្រេថា ធ្វើមិនបានផង”៕
សភាតំណាងរាស្រ្តថៃ កាលពីថ្ងៃសុក្រទី១៦ សីហា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភឿថៃលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ “អ៊ុង អ៊ីង” ជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេស ជាមួយនឹងសម្លេងគាំទ្រ ៣១៩សម្លេងទល់នឹង ១៤៥សម្លេង និង ២៧សសម្លេង អនុប្បវាទ។
អគ្គលេខាធិការបក្សភឿថៃ លោក សូរវង្ស ធៀងថង (Sorawong Thiengthong) កាលពីព្រឹកថ្ងៃសុក្រ នេះ បានតែងតាំងលោកស្រី ផែថងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីតែ១គត់ នៅពេលដែលប្រធានសភា លោក វ៉ាន់ មហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានចាប់ផ្តើមកិច្ចប្រជុំសភានៅម៉ោង ១០ ព្រឹកនេះ។
ចលនានេះត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ២៩១រូប។ លោកជំទាវ ផែថងថាន វ័យ៣៧ ឆ្នាំ មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំនោះទេ។
សមាជិករដ្ឋាភិបាល និងសមាជិកសភា គណបក្សប្រឆាំង បានក្រោកឡើងជជែកគ្នាពីការតែងតាំងនេះ មុនពេលការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ១១.១១នាទី ព្រឹក និងត្រូវបានប្រកាសជាផ្លូវការ នៅម៉ោង ១២.៣៤នាទី រសៀល។
មានតំណាងសភាជាប់ឆ្នោតចំនួន ៤៩៣រូប ហើយលោកស្រី ថែថងថាន ត្រូវការសំឡេងភាគច្រើនធម្មតា ២៤៨ សំឡេងប៉ុណ្ណោះ។ សមាជិកសភាសរុបចំនួន ៤៨៩រូប មានវត្តមាន នៅក្នុងសភាកាលពីថ្ងៃសុក្រ។
កូនស្រីវ័យ៣៧ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី និងជាបុព្វបុរសរបស់បក្សភឿថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ លោកស្រី បានស្នងតំណែងពីលោក ស្រេថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញកាលពីថ្ងៃពុធ ពីបទរំលោភក្រមសីលធម៌។
- សន្តតិវង្សស៊ីណាវ៉ាត្រា
លោកជំទាវ ផែថងថាន គឺជាសមាជិកទី៣នៃត្រកូលស៊ីណាវ៉ាត្រា ដែលកាន់តំណែងនេះ បន្ទាប់ពីលោក ថាក់សែង និងម្តាយមីង លោកស្រី យីងឡាក់។ លោក ស៊ុមឆៃ វងើសាវ៉ាត់ ដែលប្អូនថ្លៃបង្កើតរបស់លោកថាក់ស៊ីន ក៏បានបំពេញការងារនេះ១រយៈពេលខ្លី ក្នុងឆ្នាំ ២០០៨។ ទាំងលោកថាក់ស៊ីន និងទាំងប្អូនស្រីរបស់លោក លោកស្រី យីងឡាក់ សុទ្ធតែបានភៀសខ្លួនទៅនិរទេស បន្ទាប់ពីរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគាត់។
លោកថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញកាលពីខែសីហាឆ្នាំមុន និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោយមកក៏ត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំតាម ការលើកលែងទោសពីព្រះមហាក្សត្រ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ក្នុងពេលកាន់តំណែងពីឆ្នាំ ២០០១-០៦។ លោកមិនបានចំណាយពេល១យប់ណានៅក្នុងការឃុំឃាំងទេ និងត្រូវបានដោះលែង បន្ទាប់ពីស្នាក់នៅរយៈពេល៨ នៅមន្ទីរពេទ្យប៉ូលិសទូទៅ។
កាលពីថ្ងៃព្រហស្បតិ៍ គ្រប់បក្សក្នុងរដ្ឋាភិបាលចម្រុះ បានយល់ព្រមគាំទ្រមេដឹកនាំបក្សភឿថៃ លោក ជំទាវ ផែថងថាន ដើម្បីជ្រើសរើសជាបេក្ខភាព សម្រាប់នាយករដ្ឋមន្ត្រី។
កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញបានដកលោក ស្រេតថា ពីមុខតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីរកឃើញថា លោកមានទោសពីបទរំលោភលើបទដ្ឋានសីលធម៌ ដោយតែងតាំងលោក ភីជិត ឈឺបាន (Pichit Chuenban) ជារដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រី សូម្បីតែលោកមានប្រវត្តជាប់ពន្ធនាគារក្តី។
លោកភីជិត ធ្លាប់ត្រូវបានចោទប្រកាន់ថាបានព្យាយាមសូកប៉ាន់មន្ត្រីតុលាការកំពូល និងត្រូវបានពន្ធធនាគាររយៈពេល៦ពីបទមើលស្រាលតុលាការ។
- នៅតែអ្នកប្រឆាំង
លោក ណាថាភុង រឿងប៉ាន់យ៉ាវុធ (Natthaphong Ruengpanyawut) មេដឹកនាំបក្សប្រឆាំង បាននិយាយពីថ្ងៃព្រហស្បតិ៍ថា គណបក្សប្រជាជន នឹងមិនបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃទេ។ នៅថ្ងៃដដែល ប្រឆាំង១ទៀត គណបក្សប្រជាធិបតេយ្យ ដែលមានសមាជិកសភាចំនួន ២៥រូប បានរួមគ្នាជាឯកច្ឆ័ន្ទ បោះឆ្នោតជាអនុប្បវាទ ។
គណបក្សប្រជាជន គឺជាបក្សចាប់បដិសន្ធិចុងក្រោយបង្អស់ នៃគណបក្សឆ្ពោះទៅមុខ (MFP) ដែលត្រូវបានតុលាការធម្មនុញ្ញរំលាយកាលពីសប្តាហ៍មុន។ តុលាការ បានសម្រេចថា បក្សឆ្ពោះទៅមុខ មានទោសពីបទធ្វើឲ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងសន្តិសុខជាតិ។
បក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតឆ្នាំ ២០២៣ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបានទេ ដោយសារសមាជិកព្រឹទ្ធសភាខាងយោធា បានជំទាស់នឹងសំណើររបស់ខ្លួន ក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ បន្តមក គណបក្សភឿថៃដែលជាប់លេខ២ បានបង្កើតក្រុមចម្រុះថ្មី១ ដោយគ្មានបក្សឆ្ពោះទៅមុខ ហើយបក្សនោះ ក៏បានក្លាយទៅជាបក្សប្រឆាំង។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលតម្រូវឲ្យជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបោះឆ្នោតតែក្នុង សភាតំណាងរស្ត្រប៉ុណ្ណោះ និងមិនត្រូវការសុំសេចក្តីទុក្ខចិត្តពីសមាជិកព្រឹទ្ធសភានោះឡើយ៕