ទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្លួនបានរយៈពេល៦ខែ, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong កំពុងប្រឈមមុខនឹងការឈឺក្បាលផ្នែកនយោបាយថ្មី អំពីបញ្ហាដែលមិនទំនងមួយ នោះ គឺផ្ទះបឹងហ្គាឡូសម័យអាណានិគម ដែលធ្វើឲ្យកូនៗរបស់អតីតមេដឹកនាំដ៏គួរឱ្យគោរព នៃរដ្ឋទីក្រុងគឺលោក លី ក្វាន់យូ កំពុងឈ្លោះប្រកែកគ្នា។

អនាគត នៃផ្ទះនៅផ្លូវ 38 Oxley Road ជិតតំបន់ផ្សារទំនើបកណ្តាលរបស់ប្រទេសសិង្ហបុរី កំពុងមានជម្លោះម្តងទៀតបន្ទាប់ពីការស្លាប់ក្នុងសប្តាហ៍នេះរបស់លោកស្រី Lee Wei Ling ដែលជាគ្រូពេទ្យសរសៃប្រសាទអាយុ ៦៩ ឆ្នាំ និងជាកូនស្រីរបស់លោក លី ដែលជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសនេះ។

វិមានដ៏ប្រណិត នៅក្នុងសង្កាត់ផ្តាច់មុខបំផុតរបស់ប្រទេសសិង្ហបុរីនេះ កំពុងត្រូវបានដាក់លក់ លើទីផ្សារក្នុងតម្លៃ ៣០៨ លានដុល្លារសិង្ហបុរី (២៣៦ លានដុល្លារ) បន្ទាប់ពីការប៉ុនប៉ងលក់មិនបានសម្រេចយ៉ាងហោចណាស់ពីរលើក ពីមុនមក។

ត្រូវបានគេស្គាល់ថាជា “បឹងហ្គាឡូលំដាប់ល្អ” ជាអចលនទ្រព្យនៅផ្លូវ Nassim  តាំងនៅជិតខ្សែក្រវាត់ផ្សារទំនើបរបស់រដ្ឋលាតសន្ធឹងលើផ្ទៃដីសរុបជាង ៥៨,០០០ ហ្វីតការ៉េ (៥៣៨៨,៣៧​ម៉ែត្រការ៉េ)។ អចលនទ្រព្យនេះ ត្រូវបានដាក់ស្លាកថា ជាបឹងហ្គាឡូអភិរក្ស ដែលមានន័យថា វាត្រូវគេអភិរក្ស និងមានសួនច្បារខាងមុខ ដែលអាចបែងចែកជាពីរឡូតិ៍បន្ថែមទៀត ដើម្បីសាងសង់វិមានបន្ថែមទៀត។

មរណភាពរបស់លោកស្រី Lee Wei Ling គំរាមកំហែងបញ្ឆេះជម្លោះជូរចត់ និងជាសាធារណៈ ជុំវិញជោគវាសនានៃផ្ទះ ដែលត្រូវបានសង់តាំងពីឆ្នាំ ១៨៩៨នេះ ។ ព្រឹទ្ធាចារ្យ លី បានជំរុញឱ្យកូនៗ របស់លោក និងរដ្ឋាភិបាល ឱ្យកម្ទេចចោលផ្ទះកម្ពស់ពីរជាន់ ដែលមានបន្ទប់គេង៨នេះ បន្ទាប់ពីលោកបានលាចាកលោកក្នុងឆ្នាំ ២០១៥ ព្រោះលោក​មិន​ចង់​ឱ្យ​ផ្ទះ​ឯកជន​របស់​លោក ​ដែល​មាន​អាយុ៧០ឆ្នាំនេះ ក្លាយ​ជា​វិមានរបស់រដ្ឋទេ។

 ផ្ទះបឹងហ្គាឡូដ៏ប្រណីត ជាអចលនទ្រព្យនៅផ្លូវ Nassim  តាំងនៅជិតខ្សែក្រវាត់ផ្សារទំនើបរបស់រដ្ឋលើផ្ទៃដីសរុបជាង ៥៣៨៨ម៉ែត្រការ៉េ នេះ ក្លាយជារឿងឈឺក្បាលរបស់រដ្ឋាភិបាល ដោយបណ្តាំរបស់របស់លោក លី ក្វាន់យូ ផ្ទុយពីចេតនារបស់កូនៗ។

នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១១ នៅក្នុងសៀវភៅមួយក្បាល, លោកលី ក្វាន់យូ បាននិយាយថា ខ្ញុំ​បានប្រាប់គណរដ្ឋមន្ត្រីថា នៅពេលខ្ញុំ​ស្លាប់ ចូររំលំវាចោលទៅ។

ការជជែកវែកញែកអំពីថាតើត្រូវអនុវត្តសំណើនោះឬយ៉ាងណា បានបង្កភាពប្រទូស្តរាយជាយូរមកហើយ​រវាងលោកស្រី Wei Ling និងប្អូនប្រុស លោក Hsien Yang ដែលជាម្ចាស់កម្មសិទ្ធិផ្ទះបឹងហ្គាឡូនោះ ប្រឆាំងនឹងបងប្រុសរបស់ពួកគេ គឺអតីតនាយករដ្ឋមន្ត្រី លោក លី ស៊ានឡុង (Lee Hsien Loong) ដែលបានដឹកនាំប្រទេសសិង្ហបុរីអស់រយៈពេលជិតពីរទសវត្សរ៍ មុនពេលចុះចេញពីតំណែងកាលពីខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

នៅក្នុងការបង្ហោះ Facebook មួយ ក្នុងសប្តាហ៍នេះ លោក Hsien Yang បាននិយាយថា ក្រុមគ្រួសារនេះ នឹងរៀបចំពិធីបុណ្យសពឯកជនមួយ សម្រាប់បងស្រីរបស់គាត់។ លោក​បាន​ផ្សាយ ​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ គឺ​ជា​សម្តី​ចុង​ក្រោយ​បងស្រី​អំពី​ជម្លោះ​លើ​ផ្ទះ​ឪពុក​ពួកគេថា៖ សូម​គោរព​លោក​ឪពុក​ខ្ញុំ ​ដោយផ្តល់កិត្តិយស​ទៅតាមបំណងប្រាថ្នារបស់លោក ​ត្រូវរំលំវាចោលទៅ។ វា​ គឺ​ជា​ការ​សម្រេចចុងក្រោយ​បំផុត ​ក្នុង​សមរភូមិ​ដ៏​យូរ។

នៅលើបណ្តាញសង្គម, លោក Hsien Loong បាននិយាយ ថា ឆ្នាំ២០១៥ គឺជាឆ្នាំដែលស្រមោលខ្មៅបានធ្លាក់លើបងប្អូនរបស់ខ្ញុំ និងខ្ញុំ។

បំណងរបស់ប្អូនស្រី លី វ៉ី​លីង (៦៩ឆ្នាំ.ស្លាប់) និងប្អូនប្រុស លី ស៊ាន​យ៉ាង (៦៧ឆ្នាំ) ចង់ឱ្យកម្ទេចចោល ​ផ្ទុយពីចេតនា របស់បងប្រុស​លី ស៊ានឡុង វ័យ៧២ឆ្នាំ(ឆ្វេង) ដែលចង់អភិរក្សវាទុកជាបូជនីយដ្ឋានជាតិ។

ពីរឆ្នាំក្រោយមក បងប្អូនបង្កើតទាំងនេះ បានចោទប្រកាន់បងប្រុសច្បងរបស់ពួកគេ គឺលោក​លី ស៊ានឡុង ដែលបន្ទាប់មកក្លាយជានាយករដ្ឋមន្ត្រីទី៣របស់ប្រទេសសិង្ហបុរីថា បានប្រើល្បិចដើម្បីធ្វើឱ្យអន្តរាយដល់ការណែនាំរបស់ឪពុកពួកគេ មួយផ្នែកតាមរយៈការបង្កើតគណៈរដ្ឋមន្ត្រីមួយ ដើម្បីស្វែងរកជម្រើសនានាសម្រាប់អចលនទ្រព្យនេះ។

នោះហើយជាទីដែល លោក Lawrence Wong ចូលមកទទួលថ្មបាក់­។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិកាលណោះលោក Wong គឺជាផ្នែកមួយ នៃគណៈកម្មាធិការនោះ ដែលបានបោះពុម្ពរបាយការណ៍ក្នុងឆ្នាំ ២០១៨ ដោយដាក់ចេញនូវជម្រើស៣សម្រាប់ផ្ទះផ្លូវ Oxley Road គឺ១).ការរំលំចោល, ២).រក្សាវាទុកជាបូជនីយដ្ឋានជាតិ ឬ៣). អភិរក្សតែបន្ទប់ទទួលទានអាហារនៅជាន់ក្រោមដី ជាទីដែលការពិភាក្សាដេញដោលគ្នា លើការបង្កើតគណបក្សសកម្មភាពប្រជាជនដែលកាន់អំណាចដ៏យូរបំផុត បានកើតឡើងនៅទីនោះ។

ទោះជាយ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការនោះ ​បាន​ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយមួយ ​ដោយ​ចង្អុល​បង្ហាញ​ថា កូន​ស្រី​របស់លោក ​ក្វាន់យូ គឺទំនងជានឹងបន្តស្នាក់នៅទីនោះសម្រាប់អនាគតមិនយូរ។

ពេលនេះ វិធានការនោះ អាចត្រលប់មកលងបន្លាចលោក Wong ដែលកំពុងតែមមាញឹកក្នុងការព្យាយាមជំរុញសេដ្ឋកិច្ច និងកាច់ចង្កូតទំនាក់ទំនងអាមេរិក.ចិនដែលមានព្យុះភ្លៀង ដែលត្រូវធ្វើឱ្យបាន មុនពេលការបោះឆ្នោតនៅចុងឆ្នាំ ២០២៥។

ខណៈដែលផ្ទះបឹងហ្គាឡូនេះ ជាកម្មសិទ្ធិរបស់លោក Hsien Yang ច្បាប់របស់ប្រទេសសិង្ហបុរី ផ្តល់អំណាចដល់រដ្ឋមន្ត្រី១រូប ដើម្បីធ្វើការបញ្ជាអភិរក្ស​សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានកំណត់ថា ជាវិមានមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលអាចពិចារណាការជំទាស់ពីក្រុមម្ចាស់ និងក្រុមអ្នកកាន់កាប់អចលនទ្រព្យនោះ។

អ្នកស្រី លី វ៉ីលីង (ឆ្វេង) និងលោក លី ស៊ានឡុង (ទី២​ស្តាំ) ជួបជុំគ្នាគ្រួសារ ក្នុងថ្ងៃខួបកំណើលោក លី ក្វាន់យូ កាលពីឆ្នាំ២០០៣។

លោក Hsien Loong បាននិយាយនៅក្នុងឆ្នាំ ២០១៨ ថា លោក នឹងដកខ្លួនចេញពីការសម្រេចចិត្តនាពេលអនាគត ដោយសង្ឃឹមថារដ្ឋាភិបាល នឹងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ដែលទាំង គោរពតាមបំណងប្រាថ្នារបស់ឪពុកខ្ញុំ និងគោរពផលប្រយោជន៍សាធារណៈ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅកាន់ Bloomberg, រដ្ឋមន្ត្រីជាន់ខ្ពស់របស់លោក Wong ដែលធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការនៅក្នុងឆ្នាំ ២០១៨ បន្ទាប់មកជាឧបនាយករដ្ឋមន្ត្រី, លោក Teo Chee Hean បាននិយាយថា វា​មិន​សមស្រប​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅ​ពេល​នេះ​ទេ ព្រោះ​វា​ជា​ ពេលវេលា ​ដ៏​លំបាក​មួយ​សម្រាប់គ្រួសាររបស់លោកស្រី Wei Ling ។

ទីបំផុត ផលប្រយោជន៍របស់កូនពៅរបស់លោក លី ក្វាន់យូ ប្រហែលជាមិនអាចផ្សះផ្សាជាមួយបងប្រុស និងរដ្ឋាភិបាលបានទេ។

បន្ទប់ទទួលទានអាហារ គឺជាទីតាំងប្រជុំពិភាក្សាដេញដោលគ្នា របស់លោកលី ក្វាន់យូ ក្នុងការបង្កើតគណបក្សសកម្មភាពប្រជាជន ដែលកាន់អំណាចយូរបំផុត នឹងមិនអាចត្រូវកម្ទេចចោលជាដាច់ខាត។

ទោះបីជាលោក​លី ក្វាន់យូ ជាអ្នកកែច្នៃមនុស្សឱ្យភ្លឺចែងចាំងក្តី ក៏លោកមានទំនាក់ទំនងមិនអាចកាត់ផ្តាច់បានទៅនឹងការងើបឡើងយ៉ាងរហ័សរបស់ប្រទេសសិង្ហបុរី ពីប៉ុស្តិ៍ជួរមុខនៃអាណានិគមអង់គ្លេស ឱ្យក្លាយទៅជារដ្ឋធានីហិរញ្ញវត្ថុកំពូលមួយរបស់ពិភពលោក។

ពិធីបុណ្យសពឆ្នាំ ២០១៥ របស់លោក ត្រូវបានចូលរួមដោយមនុស្ស ២២០០នាក់ ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi, នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ។

ឋានៈដ៏ល្បីល្បាញរបស់លោក ធ្វើឱ្យការសម្រេចចិត្តណាមួយជុំវិញជោគវាសនាផ្ទះលោកកាន់តែលំបាក និងតឹងតែងឡើង។ សំបុត្រមួយច្បាប់ដែលលោកក្វាន់យូបានផ្ញើកាលពីឆ្នាំ ២០១១ បានព្រលយពាក្យថាលោកដឹងថា នឹងមានការពិភាក្សាដ៏លំបាកមួយជុំវិញបំណងប្រាថ្នារបស់លោក។ បន្ទាប់​ពី​ទទួល​ស្គាល់​មតិត្រឡប់​ជា​ឯកច្ឆ័ន្ទ​ពី​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ដែល​ផ្ទះ​របស់លោក មិន​គួរ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​ដូច​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ លោក ក្វាន់​យូ​បាន​សរសេរ​ថា ជម្រើស​ផ្សេង​ទៀត​គឺ ​គ្រាន់​តែ​ ​ទុក​វា ​ជា​ផ្ទះ​ឯកជន​មួយបានហើយ។

លោក​ បាន​សរសេរបន្ត​ថា វា​គួរ​តែ​ត្រូវ​បាន​គេ​ជួសជុល​ឡើង​វិញ ហើយ​បន្ទាប់​មក ​ត្រូវ​តែ​ទុក​ឲ្យ​មនុស្ស​រស់​នៅ។ អគារ​ទំនេរគ្មានអ្នករស់នៅ​មួយ ​នឹង​ធ្លាក់ទ្រុឌទ្រោម​ និងពុកផុយក្នុងពេល​ឆាប់ៗមិនខាន៕

សេចក្តីព្រាងច្បាប់នេះ បានតាក់តែងដោយ លោក Rahayu Mahzam ជាលេខាធិការជាន់ខ្ពស់សភា ក្នុងគោលបំណងតម្រឹមក្របខណ្ឌបទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីឱ្យស្របតាមបទដ្ឋានដែលកំណត់ដោយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ។ ច្បាប់នេះគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងអ្នកលក់ត្បូងនិងលោហធាតុមានតម្លៃ, ការផ្តល់ប្រាក់កម្ចី, ការបញ្ចាំ រួមទាំងសេវាកម្មផ្លូវច្បាប់ផងដែរ ដែលជាវិធានប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសហិរញ្ញវត្ថុ។ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ឬ FATF គឺជាអង្គការអន្តររដ្ឋាភិបាល ដែលបានបង្កើតក្នុងឆ្នាំ១៩៨៩ ដោយក្រុមប្រទេសមហាអំណាច G7 ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសហិរញ្ញវត្ថុនិងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្ម។ 

សេចក្តីព្រៀងច្បាប់ថ្មីនេះមានគោលបំណងពង្រឹងនិងលើកកំពស់បទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីឱ្យស្របគ្នានឹងស្តង់ដារអន្តរជាតិ ដែលបានបង្កើតឡើងដោយ FATF  ម្យ៉ាងដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ប្រទេសសិង្ហបុរី ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសុវត្តិភាព និងធានាបាននូវយន្តការដ៏រឹងមាំក្នុងការទប់ស្កាត់នូវរាល់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងៗ តាមរយៈការពង្រឹងភាពសុចរិតនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។

សេចក្តីព្រាងច្បាប់នេះមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយរួមទាំងអ្នករកស៊ីលើមុខរបរលក់ត្បូងនិងលោហធាតុមានតម្លៃ ដែលជារឿយៗមិខរបរ ទាំងនេះជាគោលដៅប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនលាងលុយ។ ដោយឡែកវិស័យផ្តល់ប្រាក់កម្ចី និងការបញ្ចាំក៏ក៏នឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងដែរនៃច្បាប់ថ្មីនេះដែរ។  លើសពីនេះ សេវារកស៊ីផ្លូវច្បាប់ក៏នឹងស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យយ៉ាងតឹងរឹងដែរ ដើម្បីធានាថាសេវាកម្មរបស់ពួកគេមិនត្រូវបានប្រើប្រាស់ក្នុងមធ្យោបាយជួយលាងលុយកខ្វក់។

សមាជិកសភា លោក Louis Ng បានសង្កត់ធ្ងន់ថាសេចក្តីព្រាងច្បាប់ថ្មីនេះនឹងជួយឱ្យប្រទេសសិង្ហបុរី បំពេញតម្រូវការស្របតាមស្តង់ដារអន្តរជាតិនិងកាត់បន្ថយហានិភ័យទាំងឡាយដែលទាក់ទងនឹងការរីកសាយនៃបទល្មើសហិរញ្ញវត្ថុ រាប់បញ្ចូលទាំងវិធានការទប់ស្កាត់ការផ្តល់ហិរញ្ញប្បទានដល់ការផលិតអាវុធប្រល័យលោក ដែលជាការចូលរួមដោះស្រាយកង្វល់សន្តិសុខរបស់ពិភពលោកដ៏សំខាន់នាពេលបច្ចុប្បន្ន។  តាមរយៈការអនុវត្តវិធានច្បាប់ថ្មីនេះ សិង្ហបុរីមានគោលបំណងក្នុងការដើរតួនាទីយ៉ាងសកម្មនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយហិរញ្ញប្បទាន និងការលើកកម្ពស់សន្តិសុខអន្តរជាតិ។

ការធ្វើបច្ចុប្បន្នភាពនេះមានសារៈសំខាន់សម្រាប់ការបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះយុទ្ធសាស្ត្រវិវត្តនៃឧក្រិដ្ឋជនហិរញ្ញវត្ថុ។ ច្បាប់នេះបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរក្សាបរិយាកាសហិរញ្ញវត្ថុដ៏រឹងមាំ ប្រកបដោយសុវត្ថិភាពហើយអាចការពារប្រជាពលរដ្ឋនិងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួនពីការគំរាមកំហែងដែលបង្កឡើងដោយឧក្រិដ្ឋជនហិរញ្ញវត្ថុបានប្រសើរជាងមុន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព