ក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លា (Tesla) កំពុងកោះប្រមូលរថយន្តស្ទើរតែទាំងអស់នៅចិនដីគោក ដែលខ្លួនបានលក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដើម្បីជួសជុលបញ្ហាផ្នែកទន់ (software) ដែលវាចាប់មិនបាន នៅពេលដែលគម្របមុខ ត្រូវបានដោះសោ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋបាលរដ្ឋ ដើម្បីបទប្បញ្ញត្តិទីផ្សារ កាលពីថ្ងៃអង្គារ ឲ្យដឹងថា រថយន្តសរុបចំនួន ១.៦៨ លានគ្រឿងដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នឹងពាក់ព័ន្ធនឹងការប្រមូលមកវិញនេះ ជាករណីធំបំផុត របស់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក នៅចិនដីគោក ។

ហាងលក់រថយន្តអគ្គិសនី Tesla នៅក្រុងប៉េកាំង

និយតករ​រូបនោះ បាន​បន្ថែម​ថា គម្របម៉ាស៊ីន​ដែលមិនបិត ​អាចបាំង​ការ​មើល​ឃើញ​របស់​អ្នក​បើក​បរ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ ​នៃ​គ្រោះថ្នាក់។

ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងបញ្ចេញការអាប់ដេតកម្មវិធីតាមរលកធាតុអាកាស ដើម្បីជួសជុលបញ្ហានេះ។

រថយន្ត​ដែល​ស្ថិត​ក្នុង​បញ្ជី​ប្រមូល​មក​វិញ​រួម​មាន Model 3 និង Model Y ដែល​ផលិត​នៅ​ប្រទេស​ចិន ក៏ដូចជា Model S និង Model X ដែលបាន​នាំ​ចូល​ពី​អាមេរិក។

ចិនដីគោក គឺជាទីផ្សាររថយន្តតេស្លា ធំបំផុទី២ បន្ទាប់អាមេរិក

លោក កៅស៊ិន (Gao Shen) អ្នកវិភាគឯករាជ្យនៅក្រុងសៀងហៃបាននិយាយថា ៖ “ចំនួនរថយន្តដែលត្រូវប្រមូលមកវិញទាំហនេះ ទំនងជាមិនប៉ះពាល់ដល់ការលក់ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Tesla នោះទេ។ អាកប្បកិរិយារបស់ក្រុមហ៊ុន Tesla លើការគ្រប់គ្រងគុណភាព គួរត្រូវបានគោរពនៅក្នុងប្រទេសចិន ដោយសារតែមានការប្រមូលមកវិញជាប្រចាំរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ”។

កាលពីខែមករា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន ១.៦ លានគ្រឿងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្ត និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដើម្បីជួសជុលរាល់បញ្ហាជាមួយនឹងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យ នៃការបុកគ្នា។

ការចែកចាយនៅចិនដីគោករបស់ក្រុមហ៊ុន Tesla បានកើនឡើង ៣៧% គឺ ៦០៣,៦៦៤គ្រឿង កាលពីឆ្នាំមុន ដែលធ្វើឱ្យចិនក្លាយជាទីផ្សារធំបំផុតទី២របស់ក្រុមហ៊ុន បន្ទាប់ពី អាមេរិក។ នៅអាមេរិក ការលក់ចេញ ១ត្រីមាសបានកើនឡើងដល់ ៦៥៤,៨៨៨គ្រឿង ក្នុងឆ្នាំ 2023។

ការកោះហៅមកវិញលើកនេះ គឺដើម្បីដំឡើងគ្រឿងទន់អាប់ដេតថ្មីដើម្បីជួសជុលបញ្ហាគម្របមុខ នៅពេលបើកសោរ

Tesla គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងផ្នែករយន្តអគ្គិសនី (EV) លំដាប់កំពូលរបស់ប្រទេសចិន ចាប់តាំងពីរោងចក្រ Gigafactory 3 នៅក្រុងសៀងហៃ ដែលជារោងចក្រពិភពលោកដ៏ធំបំផុតរបស់ក្រុមហ៊ុននេះ បានចាប់ផ្តើមចែកចាយរថយន្ត ក្នុងខែមករា ឆ្នាំ 2020។ បច្ចុប្បន្នរោងចក្រនេះ  ផលិតតែរថយន្ត Model 3 និង Model Y ប៉ុណ្ណោះ។

រោងចក្រ​សៀងហៃនេះ ​ក៏​នាំ​ចេញ​ម៉ូដែល​ទាំង​២​នេះ​ ទៅ​កាន់​ទីផ្សារផ្សេងទៀត ​ដូច​ជា​ប្រទេស​ជប៉ុន​ដែរ។

ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុន Tesla មានជម្លោះជាច្រើនជាមួយនិយតករ និងអតិថិជនចិនដីគោក ទាក់ទងនឹងគុណភាព និងសុវត្ថិភាពនៃរថយន្តរបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្តនេះ បានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមអាជ្ញាធរដីគោក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្ថាបនិករបស់ខ្លួន លោក Elon Musk ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមេសា៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព