នាយករដ្ឋមន្រ្តីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារនេះថា ជាផ្នែកមួយនៃការចែកប្រាក់ឌីជីថល ៤៥០ពាន់លានបាត ($១៣.១ ពាន់លាន) របស់រដ្ឋាភិបាល នឹងត្រូវបានចែកចាយជាលុយសុទ្ធផងដែរ នៅក្នុងការកែប្រែ១ទៀត ចំពោះគោលនយោបាយប្រជានិយមដ៏លេចធ្លោរបស់ខ្លួន។

លោកជំទាវ នបន្ថែមថា ព័ត៌មានលម្អិតនៅតែត្រូវបានបញ្ចប់ និងត្រូវប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយមួយ ទៅកាន់សភា។

អំណោយលុយឌីជីថលនេះ ពីមុនធ្លាប់បានបញ្ចូលជាទឹកប្រាក់ចំនួន ១ម៉ឺនបាត (២៩២ ដុល្លារ) ជាឥណទានទៅកាន់ប្រជាជនថៃចំនួន ៥០លាននាក់ តាមរយៈកម្មវិធីស្មាតហ្វូន ដើម្បីចំណាយក្នុងតំបន់របស់ពួកគេ ក្នុងរយៈពេល៦ខែ។

ភ្លាមៗនេះ គេ​មិន​ទាន់​ច្បាស់នៅឡើយ​ថា​តើ ​ថវិកា​ប៉ុន្មាន​សម្រាប់​កម្មវិធី​នេះ​ នឹង​ត្រូវ​ចែក​ជាលុយសិទ្ធនោះ​ទេ។ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ មិន​អាច​ទាក់​ទង​បាន​ភ្លាមៗដែរ។

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ អ៊ុងអ៊ីង (ស្តាំ) ក្លាយជានាយករដ្ឋន្ត្រថៃ ទី៣១ ស្នងតំណែងលោកឪពុក លោកថាក់ស៊ីន

ការពន្យល់ពីលោកជំទាវ ផែថងថាន វ័យ​៣៨ឆ្នាំនេះ បានកើតឡើង២សប្តាហ៍បន្ទាប់ពីលោកជំទាវ ត្រូវបានជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃដោយសភា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ដែលជាអ្នកតស៊ូមតិដ៏ធំបំផុតរបស់គោលនយោបាយនេះ ត្រូវបានតុលាការបណ្តេញចេញពីតំណែង ។

រដ្ឋាភិបាលថ្មីមួយ ត្រូវបានគេរំពឹងថា នឹងបង្កើតឡើងនៅត្រឹមពាក់កណ្តាលខែកញ្ញា ដោយបញ្ជីគណៈរដ្ឋមន្ត្រី បានបញ្ចប់រួចហើយ ប៉ុន្តែមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។

កម្មវិធីជំរុញទឹកចិត្ត ដែលជាវេទិកាបោះឆ្នោតដ៏សំខាន់របស់គណបក្សភឿថៃដែលកំពុងកាន់អំណាចនេះ មានគោលបំណងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ ដែលកំពុងដើរយឺតជាងប្រទេសដៃគូក្នុងតំបន់។

ប្រតែសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ បានកើនឡើង ២.៣% នៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនា ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថា ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធបានបង្កបញ្ហាដល់ទស្សនៈវិស័យនេះ។

ធនាគារកណ្តាល បានព្យាករកំណើនសេដ្ឋកិច្ច ២.៦% សម្រាប់ឆ្នាំនេះ បន្ទាប់ពីការកើនឡើង ១.៩% កាលពីឆ្នាំមុន។

ក្រុមអ្នកសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាល២រូប បានរិះគន់កម្មវិធីចែកប្រាក់នេះថា មិនមានទំនួលខុសត្រូវផ្នែកសារពើពន្ធ ហើយរដ្ឋាភិបាលបានពន្យារពេលគម្រោងនេះ ដោយសារតែបញ្ហាថវិកា។ កម្មវិធីនេះ នឹងត្រូវដាក់ឱ្យដំណើរការនៅត្រីមាសចុងក្រោយនេះ។

ក្រុមមន្ត្រីរដ្ឋាភិបាល បានសន្យាថា ផែនការនេះនឹងប្រកាន់ខ្ជាប់នូវវិន័យសារពើពន្ធ។

លោកជំទាវ ផែថងថាន គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅតែត្រូវបានគេមើលឃើញថាជាកម្លាំងដ៏សំខាន់ នៅក្នុងនយោបាយ។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រមុខប្រតិបត្តិកំពូលកាលពីខែមុន លោកថាក់ស៊ីន បានគាំទ្រគម្រោងកាបូបឌីជីថលនេះ និងកាលពីមុនបាននិយាយថា ការបែងចែកផ្នែកមួយនៃអំណោយជាសាច់ប្រាក់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមមនុស្ស ដែលងាយរងគ្រោះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព