ផ្សារភាគហ៊ុនរបស់អាមេរិក និងប្រាក់ដុល្លារ មានការប្រែប្រួលតិចតួចកាលពីច័ន្ទ បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) មានសុវត្ថិភាព ក្នុងការប៉ុនប៉ងធ្វើឃាតជាថ្មីទៀត នៅខាងក្រៅទីលានវាយកូនហ្គោលរបស់លោក ត្រាំ នៅសង្កាត់ West Palm Beach រដ្ឋផ្លរីដា, ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិក ២០២៤ កំពុងងាកទៅរករបត់ថ្មី។
សន្ទស្សន៍ S&P 500 e-minis បានធ្លាក់ចុះ ០.០៤% ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលបង្ហាញភាពខ្លាំងនៃរូបិយប័ណ្ណអាមេរិក ធៀបនឹងដៃគូររូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ចុះ ០.០៣% គឺ១.០១ដុល្លារ ក្នុង១អឺរ៉ូ។ Bitcoin ធ្លាក់ចុះ ០.៧% នៅថ្ងៃជាមួយគ្នានេះ នៅ $៥៩,៤៤៥ ។ Trump បានបញ្ជាក់ថា រូបលោក គឺជាបេក្ខជនដែលគាំទ្ររូបិយប័ណ្ណគ្រីបតូ។
យុទ្ធនាការប្រធានាធិបតីដ៏វិនាដកម្ម និងចលាចលបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកសម័យទំនើប បង្កជាការផ្លាស់ប្តូរដ៏គួរតក់ស្លុតមួយទៀត នៅពេលដែលក្រុមសមាជិកនៃសេវាសម្ងាត់ បានជួបប្រយុទ្ធដោយបានបាញ់តបតយ៉ាងហោចណាស់៤គ្រាប់ ជាមួយនឹង អ្វីដែលផ្នែកអនុវត្តច្បាប់បានពិពណ៌នាថា ជាអ្នកធ្វើឃាតកាន់កាំភ្លើងដ៏មានសក្តានុពល នៅឯគុម្ពោតព្រៃខ្លះនៅជិតបន្ទាត់ព្រំដែន នៃទ្រព្យសម្បត្តិទីលានវាយកូនហ្គោល របស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ។
ការប៉ះពាល់នៃឧប្បត្តិហេតុលើនយោបាយពេញលេញ- ដែលបានកើតឡើង ២ខែបន្ទាប់ពី លោកត្រាំ បានរងរបួសដោយការបាញ់ប្រហារ នៅឯពិធីជួបជុំឃោសនា នៅរដ្ឋ Pennsylvania – នឹងក្លាយជាការផ្តោតដ៏សំខាន់នៅពេលព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ប៉ុន្តែការផ្ទុះអាវុធនៅទីលានវាយកូនគោលនៅ Palm Beach ខណៈដែលលោកត្រាំ កំពុងលេងកីឡាវាយកូនហ្គោល អាចកំណត់ឡើងវិញម្តងទៀតថា ការប្រណាំងប្រជែងតំណែងប្រធានាធិបតី គឺកំពុងប្រយុទ្ធគ្នានីលើផ្លែឡាម – និងជួយឱ្យលោកត្រាំ បើកទំព័រថ្មី ពីការជជែកដេញដោលគ្នាដែលបរាជ័យទល់នឹងអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែលបានផ្តល់ឱ្យបេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះ នូវសន្ទុះ។
ភ្លាមៗនោះបន្ទាប់ពីហេតុការណ៍នោះ លោក ត្រាំ បានផ្ញើអ៊ីមែលទៅកាន់ក្រុមអ្នកគាំទ្រ ដើម្បីប្រកាសថា លោកមានសុវត្ថិភាព និងមានសុខភាពល្អ។
លោក ត្រាំ បានសរសេរថា៖ “គ្មានអ្វី នឹងបន្ថយល្បឿនខ្ញុំទេ ។ ខ្ញុំនឹងមិនចុះចាញ់ឡើយ!”។
ភ្លាមៗក្រោយព្រឹត្តិការណ៍នៅផ្លរីដានោះ សមាជិកសភាភាគច្រើននៃគណបក្សសាធារណរដ្ឋ បង្ហោះសារធម្មតាដោយអរគុណចំពោះសុវត្ថិភាពរបស់លោកត្រាំ ខណៈដែលកំពុងអំពាវនាវឱ្យបញ្ចប់អំពើហិង្សាផ្នែកនយោបាយ។ សមាជិកសភាប្រជាធិបតេយ្យ ក៏បានបង្ហោះសារស្រដៀងគ្នានេះ ដោយប្រកាសរិៈគន់អំពើហិង្សាផ្នែកនយោបាយ និងអរគុណដល់ផ្នែកអនុវត្តច្បាប់។
នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម, លោកជំទាវ ហារីស បាននិយាយ ថា៖ «គេបានរាយការណ៍ខ្លីៗដល់ខ្ញុំអំពីរបាយការណ៍នៃការបាញ់ប្រហារនៅជិតទីតាំង ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ ផ្លរីដា ហើយខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព ។ អំពើហិង្សា គ្មានកន្លែងនៅអាមេរិកទេ»។
ក្រុមការងារពិសេសសភាចម្រុះបក្ស ដែលបានបង្កើតឡើងបន្ទាប់ពីការបាញ់ប្រហារនៅរដ្ឋ ផិស៊ីលវ៉ានៀ បាននិយាយថា ខ្លួន ក៏នឹងស៊ើបអង្កេតឧប្បត្តិហេតុរដ្ឋផ្លរីដាផងដែរ។ យុទ្ធនាការឃោសនារបស់ភាគីទាំងពីរ បានបន្តផ្ញើសំណើររៃអង្គាសប្រាក់ ហើយមិនបានប្រកាសពីផែនការផ្អាកការឃោសនានយោបាយ ឬផ្អាកការធ្វើដំណើររបស់បេក្ខជននោះឡើយ។
នៅក្នុងសារមួយទៅកាន់អ្នកគាំទ្រ ក្រោយមកនៅក្នុងយប់នោះ លោក Trump បានសរសេរថា៖ “ការតាំងចិត្តរបស់ខ្ញុំ កាន់តែរឹងមាំបន្ទាប់ពីការប៉ុនប៉ងមួយផ្សេងទៀតក្នុងជីវិតរបស់ខ្ញុំ!” ។
ភាពរំពងនៃឧប្បត្តិហេតុនេះលើនយោបាយ គឺពឹងផ្អែកលើព័ត៌មានលម្អិតជាក់លាក់អំពីជនសង្ស័យក្នុងករណីនេះ ទាំងស្រុង។
យោងតាមក្រុមមន្ត្រីអនុវត្តច្បាប់ឱ្យដឹងថា ក្រុមមន្រ្តីសេវាសម្ងាត់ដែលសម្អាតទីលានវាយកូនហ្គោលនៅពីមុខលោក ត្រាំ បានប្រទះឃើញបុរសម្នាក់នៅក្នុងព្រៃជាមួយនឹងកាំភ្លើង១ដើម ហើយក៏បានបើកការបាញ់ប្រហារ។ យោងទៅតាមក្រុមមន្រ្តីសហព័ន្ធដែលសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីការស៊ើបអង្កេតដែលកំពុងបន្ត ឱ្យដឹងថា ជនសង្ស័យ ក្រោយមកត្រូវបានគេស្គាល់ថាជា Ryan Routh អាយុ ៥៨ឆ្នាំ បានរត់គេចខ្លួននៅក្នុងរថយន្តពណ៌ខ្មៅមួយ ប៉ុន្តែក្រោយមកត្រូវបានចាប់ឃុំខ្លួនបន្ទាប់ពីការប្រដេញ ។
ក្រុមប៉ូលិស បាននិយាយថា ពួកគេបានរកឃើញកាំភ្លើង AK-47 មួយដើមនៅកន្លែងកើតហេតុ រួមជាមួយនឹងកាមេរ៉ាថតវីដេអូឌីជីថលមួយ និងកាបូបស្ពាយចំនួនពីរជាមួយនឹងបន្ទះសេរ៉ាមិចជាច្រើន ដែលអាចប្រើជារបាំងគារពារគ្រាប់។ ប៉ុន្តែក្រុមមន្ត្រី បាននិយាយថា ពួកគេត្រូវរង់ចាំការចេញព័ត៌មានបន្ថែម អំពីជនសង្ស័យ និងសាវតាររបស់គាត់ រហូតដល់មានការចោទប្រកាន់ជាផ្លូវការ។
នៅក្នុងសំណុំរឿងរដ្ឋ ផិនស៊ីលវ៉ានៀ ក្រុមមន្ត្រីអនុវត្តច្បាប់ មិនអាចកំណត់ថា ការប៉ុនប៉ងធ្វើឃាតរបស់ Thomas Matthew Crooks ដែលមានអាយុ ២០ ឆ្នាំ លើលោកត្រាំ ជាហេតុផលនយោបាយជាក់លាក់មួយនោះទេ។
ប៉ុន្តែក្រោយពីការបាញ់ប្រហារនេះ, សេវាសម្ងាត់ បានទទួលស្គាល់ពីក្តីបារម្ភបានកើនឡើង ជុំវិញអំពើហិង្សានយោបាយ។ ព័ត៌មានលម្អិតនៃការការពារខ្លួនរបស់លោក ត្រាំ ក៏ត្រូវបានបង្កើនផងដែរ កាលពីដើមឆ្នាំនេះ ដោយសារតែការគំរាមកំហែង ចេញមកពីប្រទេសអ៊ីរ៉ង់ចំពោះអតីតប្រធានាធិបតីរូបនេះ។ សេវាសម្ងាត់ បានបង្កើនធនធានការពារបន្ថែមទៀតសម្រាប់ លោកត្រាំ បន្ទាប់ពីឧប្បត្តិហេតុនៅរដ្ឋ ផិនស៊ីវ៉ានៀ ។
ការស្ទង់មតិបង្ហាញថា ការមានប្រៀបរបស់លោក ត្រាំ លើលោកប្រធានាធិបតី ចូ បៃដិន គឺមានបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់ពីការប៉ុនប៉ងបាញ់ប្រហារកាលពីខែកក្កដាលើជីវិតរបស់លោក ដែលបានក្លាយជាចំណុចសំខាន់នៃសុន្ទរកថារបស់លោក នៅឯសន្និបាតជាតិសាធារណរដ្ឋ ១សប្តាហ៍ក្រោយមក។
ប៉ុន្តែផលប៉ះពាល់រយៈពេលវែង គឺពិបាកក្នុងការវាស់វែងជាមួយនឹងព្រឹត្តិការណ៍នយោបាយខ្យល់កួច ដែលបង្ហាញពីមហន្តរាយរបស់លោក បៃដិន នៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូង និងការសម្រេចចិត្តរបស់លោកបោះបង់ចោល ហើយសម្រេចគាំទ្រ លោកជំទាវហារីស ជាអ្នកស្នងតំណែងរបស់លោក។ ការស្ទង់មតិជាមធ្យមរបស់ RealClearPolitics បង្ហាញកាលពីថ្ងៃអាទិត្យថា លោកជំទាវ ហារីស ទទួលបានសម្លេងគាំទ្រពី ៤៩% ទល់នឹង ៤៧.៣% ៕
លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាពីថ្ងៃសៅរ៍ថា នឹងធ្វើឱ្យចំណាយកាន់តែច្រើន សម្រាប់ប្រទេសទាំងឡាយណា ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបន្ថែមនោះគឺសសរស្តម្ភថ្មីមួយ សម្រាប់ផ្នែកពន្ធគយរបស់គាត់។
នៅឯការជួបជុំឃោសនា១នៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិ, បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា៖ “អ្នកមិនបាច់ប្រើប្រាក់ដុល្លារទេ ហើយអ្នកក៏នឹងមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិកដែរ ពីព្រោះយើងនឹងហូតពន្ធ ១០០% លើទំនិញរបស់អ្នក” ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោកត្រាំ និងក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ស្តីពីវិធីដាក់ពិន័យលើក្រុមសម្ព័ន្ធមិត្ត ឬក្រុមសត្រូវដែលស្វែងរកមធ្យោបាយសកម្មនានាដើម្បីធ្វើពាណិជ្ជកម្មទ្វេភាគី ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារ។
ក្រុមមនុស្សដែលធ្លាប់ស្គាល់បញ្ហានេះ បានប្រាប់ Bloomberg News ពីមុនមកថា ជម្រើសជាច្រើន គឺមានទាំងការគ្រប់គ្រងការនាំចេញ, ការគិតថ្លៃលើប្រតិបត្តិការរូបិយប័ណ្ណ និងពន្ធគយ។
លោក ត្រាំ ដែលបានទទួលយកគោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយ បាននិយាយថា ប្រាក់ដុល្លារ បាន “ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ” អស់កាល៨ឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីការមិនប្រើប្រាក់ដុល្លារ នៅឯជំនួបកំពូល១ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ លោកត្រាំ បាននិយាយថា លោក ចង់ឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ជាការសន្យា១ ដែលលោកបានបញ្ជាក់ជាថ្មីនៅឯការជួបជុំឃោសនា កាលពីថ្ងៃសៅរ៍៕