របាយការណ៍មួយ បាននង្ហាញថា យ៉ាងហោចណាស់មានហាងអាហារ និងភេសជ្ជៈ (F&B) ចំនួន ៣ម៉ឺនក្លែង នៅទូទាំងប្រទេសវោតណាម បានបិទទ្វារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤នេះ ខណៈដែលការបើកថ្មី នៅមានកម្រិតនៅឡើយ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកា iPOS.vn ដែលមានឯកទេសក្នុងការស្រាវជ្រាវទីផ្សារអាហារ និងភេសជ្ជៈវៀតណាម ឱ្យដឹងថា ការបិទចុងក្រោយបំផុតនេះ បានកាត់បន្ថយចំនួនហាងដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសមកត្រឹមប្រមាណ ៣០៤,៧០០ ធ្លាក់ចុះ ៤%ពីមួយឆ្នាំទៅមួយឆ្នាំ ។

របាយការណ៍នេះ បានស្ទង់មតិម្ចាស់អាជីវកម្ម F&B ជិត ១០០០នាក់, ភោជនីយដ្ឋានជាង ២៣៦០ និងបុគ្គលិក F&B ១៣០៧នាក់ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងអាយុ និងមុខរបរផ្សេងៗ។

វាបានបង្ហាញថាទីក្រុងហូជីមិញ បានជួបប្រទះការបិទទ្វារដ៏ធំបំផុត ជាមួយនឹងការថយចុះចំនួន៦% នៃចំនួនហាង F&B ក្នុងអំឡុងពេលនេះ។ ផ្ទុយ​ទៅ​វិញ ទីក្រុង​ហាណូយ​ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ប្រហែល ០,១%។

គេហទំព័រ mekongasean.vn បានដកស្រង់សម្តីនាយក វេទិកា iPOS.vn លោក Vu Thanh Hung ដូចបាននិយាយថា ឧស្សាហកម្ម F&B បានជួបការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆមាសទី១ ដែលបង្កជាបញ្ហាប្រឈមជាច្រើន សម្រាប់ឧស្សាហកម្មសេវាកម្មទាំងមូល។

លោក Hung បាននិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងចំនួនហាង ដែលមានអាយុកាលខ្លី (បិទក្នុងរយៈពេលតិចជាងបីខែ នៃការបើក) នៅតាមទីក្រុងធំៗ។

ថ្វីបើមានការថយចុះនៃចំនួនហាងក៏ដោយ ក៏ប្រាក់ចំណូលសរុបរបស់ឧស្សាហកម្មនេះ បានលើសពី ៤០០ ពាន់ពាន់លានដុង (១៦ពាន់លានដុល្លារ) ក្នុងរយៈពេល៦ ដែលស្មើនឹង ៦៨% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍នោះឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូល គឺដោយសារសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលបានកើនឡើង ៤.០៨ %នៅក្នុងឆមាសទី១ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងអតិផរណាស្នូល ដែលបានកើនឡើង ២.៧៥%

ក្នុងជាមួយគ្នានេះ ឧស្សាហកម្មនេះ ក៏បានកត់ត្រានូវកំណើនគួរឱ្យកត់សម្គាល់នៅក្នុងចំនួនប្រតិបត្តិការសរុបផងដែរ ដោយសារហាងជាច្រើន បានបើកកម្មវិធីផ្សព្វផ្សាយដើម្បីបង្កើនតម្រូវការ។

គួរកត់សម្គាល់ថា បរិយាកាសសេដ្ឋកិច្ចដែលមានការប្រកួតប្រជែង មិនបានជះឥទ្ធិពលខ្លាំង ដល់ភាពញឹកញាប់នៃការទទួលទានអាហារខាងក្រៅ ក្នុងចំណោមអតិថិជនវៀតណាមឡើយ។

មានការកើនឡើង ៤.១%នៃចំនួនអ្នកញ៉ាំអាហារក្រៅម្តង ឬពីរដងក្នុងមួយសប្តាហ៍ ខណៈដែលចំនួនអ្នកញ៉ាំក្រៅ ៣ ឬ ៤ ដងក្នុងមួយសប្តាហ៍នៅតែដដែល បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង នឹងផ្តល់ឥណទានចំនួន 5 ពាន់លានដុល្លារ ជាមួយនឹងអត្រាការប្រាក់លើកទឹកចិត្ត ដើម្បីផ្តល់មូលនិធិដល់គម្រោងផ្លូវដែកសំខាន់ៗរបស់វៀតណាម។

ប្រធានធានាគារ AIIB លោក ជីន លីគុន (Jin Liqun) បាន​ផ្តល់​ជូន​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក (ផាម មិញជីញ ) Pham Minh Chinh កាលពី​ថ្ងៃ​អង្គារទី 16 កក្កដា 2024 ថ្មីៗនេះ។

មុននេះ លោក ជីញ បានស្នើទៅធនាគារ AIIB សម្រាប់ការប្រឹក្សាយោបល់ និងផ្តល់មូលនិធិសម្រាប់គម្រោងសំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅភាគខាងត្បូង ផ្លូវដែកចំនួនបី តភ្ជាប់ភាគខាងជើងវៀតណាមជាមួយប្រទេសចិន និងផ្លូវរថភ្លើង នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រីរូបនោះ បានប្រាប់ លោក លីគុន ថា វៀតណាមកំពុងកំណត់គោលដៅឈានមុខគេលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ វប្បធម៌ កីឡា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍន៍បៃតង និងចរាចរសេដ្ឋកិច្ច។

ប្រទេសនេះ មានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍន៍លើមធ្យោបាយដឹកជញ្ជូនទាំងប្រាំគឺ ផ្លូវគោក ផ្លូវដែក អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវទឹកក្នុងដីផងដែរ។

នាយករដ្ឋមន្ត្រីរូបនេះ ចង់បានការវិនិយោគលើវិស័យទាំងនេះដើម្បីបង្កើតគុណតម្លៃថ្មី កាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក លីគុន (Liqun) បានសរសើរវៀតណាមចំពោះអត្រាកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ខ្លួន ចំពេលមានការលំបាកជាសកល។

ធនាគារ AIIB ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងខែតុលា ឆ្នាំ 2013 និងបានដំណើរការតាំងពីឆ្នាំ 2016 ជាមួយនឹងប្រទេសសមាជិកស្ថាបនិកចំនួន 57 រួមទាំងប្រទេសវៀតណាមផងដែរ។

ធនាគារ AIIB បានផ្ដល់មូលនិធិដល់ប្រទេសវៀតណាមលើគម្រោងចំនួនបីមកហើយ ដែលមានតម្លៃជាទឹកប្រាក់ 223 លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ធនាគារនោះ មានការចាប់អារម្មណ៍ក្នុងការផ្តល់មូលនិធិដល់គម្រោងខ្លះទៀត របស់វៀតណាម ក្នុងវិស័យថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព