មន្ត្រី G20 ពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G20 នៅក្នុងក្រុង​រីយ៉ូ ដឺហ្សាណេរ៉ូ នៃប្រទេសប្រេស៊ីល កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា ២០២៤នេះ ដើម្បីគាំទ្រដល់ការយកពន្ធពីអ្នកមាន ដែលនឹងបញ្ឈប់ការអនុម័តលើសំណើរបស់ម្ចាស់ផ្ទះឲ្យមាន “ពន្ធមហាសេដ្ឋី”។

ប្រេស៊ីល ជាប្រធាននៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង 20 នៅឆ្នាំនេះ បានកៀងគរការគាំទ្រជំហានដំបូងពីប្រទេសខ្លះ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីយកពន្ធលើបុគ្គលដែលមានទ្រព្យសុទ្ធខ្ពស់បំផុត ទោះបីជាការជជែកគ្នានោះ គ្រាប់តែជាដំណើរការបឋមក៏ដោយ។

ប្រទេសបារាំង អេស្បាញ កូឡុំប៊ី បែលហ្ស៊ិក និងសហភាពអាហ្រ្វិក បានគាំទ្រគំនិតនេះ រួមជាមួយនឹងអាហ្វ្រិកខាងត្បូង ដែលនឹងកាន់តំណែងជាប្រធាន G20 នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះបានរងនូវការប្រឆាំងយ៉ាងខ្លាំង ក្នុងនោះមានទាំងពីរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកជំទាវ Janet Yellen ផងដែរ។

ប្រភពជាច្រើន នៅឯក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ដែលបានចេញមុខប្រឆាំងនឹងគំនិតនេះកាលពីខែមេសា បាននិយាយថា ការយកពន្ធមួយលើអ្នមានទ្រព្យកំពូល គឺត្រូវបានយកចេញតុកិច្ចប្រជុំ G20 ហើយក្នុងសប្តាហ៍នេះ។ ប្រភពទាំងនោះ បាននិយាយថា ការពិភាក្សាអំពីពន្ធ នឹងផ្តោតលើគំនិតផ្សេងទៀតជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ និងការលាក់បាំងទ្រព្យសម្បត្តិ។

ទិដ្ឋភាពរួម នៃជំនួបកំពូល G-20 ឆ្នាំ ២០២៤ ដែលសំណើរ ឲ្យមាន ការហូតពន្ធសេដ្ឋីថ្មីមួយ ត្រូវ​បានបដិសេធ

ដោយសុំមិនបញ្ចេញឈ្មោះខណៈកិច្ចពិភាក្សាពីការចរចា កំពុងបន្ត មន្ត្រី G20 ម្នាក់ ដែលស្និទ្ធនឹងកិច្ចពិភាក្សានេះ បាននិយាយថា សេចក្តីថ្លែងការណ៍រួមថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេរំពឹងថានឹងបញ្ចូលការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយការគេចពន្ធរបស់មហាសេដ្ឋី តាមរយៈការផ្លាស់ប្តូរព័ត៌មានកាន់តែទូលំទូលាយ និងការអនុវត្តឲ្យល្អបំផុត។

សេចក្តីថ្លែងការណ៍រួម G20 ទូលំទូលាយមួយ ត្រូវបានរំពឹងថាធ្វើឡើងនៅថ្ងៃសុក្រ នៅពេលដែលក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ធនាគារកណ្តាល បញ្ចប់កិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ នៅទីក្រុង រីយ៉ូ ដឺហ្សាណេរ៉ូ។

ទោះបីជាមានការសង្ស័យក៏ដោយ ក៏ការពិភាក្សា G20 អំពីការយកពន្ធលើមហាសេដ្ឋីពិភពលោកនេះ បានទទួលការសរសើរពីអតីតមេដឹកនាំពិភពលោក រួមទាំងសមាជិក 19 រូប នៃ Club de Madrid ដែលជាវេទិកានៃអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាង 100រូប។

នៅឯសិក្ខាសាលាមួយក្នុងទីក្រុង ប្រេស៊ីល្យ៉ាកាលពីខែមុន ក្រុមមន្ត្រី បានពិភាក្សាអំពីសំណើរបស់ស្ថាប័នអង្កេតពន្ធ EU ឯករាជ្យ ដើម្បីហូតពន្ធទ្រព្យសម្បត្តិចំនួន 2% លើទ្រព្យសម្បត្តិជាង ១ពាន់លានដុល្លារ ដោយនឹងបង្កើនប្រាក់ចំណូលរហូតដល់ប្រមាណ $250ពាន់លានជារៀងរាល់ឆ្នាំពីបុគ្គល 3,000រូប៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព