ប្រទេស​ចិន ​កំពុង​បង្កើន​កម្តៅយ៉ាងខ្លាំង​លើ​ធនាគារវិនិយោគ​ចំនួន ៨.៧០០​របស់ខ្លួន។

បន្ទាប់ពីត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលដ៏ធំ និងប្រកាន់យកនូវវិធានការរឹតបន្តឹងខ្សែក្រវាត់ជាច្រើន ក្រោមយុទ្ធនាការរុងរឿងរួម យូរអអ្វែងរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) ឥឡូវនេះ ក្រុមឈ្មួញកណ្តាលរបស់ប្រទេសនេះ កំពុងស្ថិតផ្ទាំងស៊ីប របស់ក្រុមអ្នកបង្ក្រាបអំពើពុករលួយកំពូលរបស់ជាតិ។

យ៉ាងហោចណាស់ ក៏មានអ្នកវិនិយោគផ្នែកធនាគារកំពូល៣នាក់ មកពីក្រុមហ៊ុនមូលបត្រផ្សេងៗគ្នា ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែសីហាមក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលពេញទូទាំងឧស្សាហកម្មនេះ។ ម្នាក់ក្នុងចំណោមពួកគេ ដែលធ្លាប់មើលការខុសត្រូវនៅក្រុមហ៊ុន Haitong Securities Co., បានភៀសខ្លួនចេញពីប្រទេសនេះ ហើយក៏ត្រូវបានចាប់ខ្លួននៅក្រៅប្រទេសប្រហែល ២ សប្តាហ៍មុន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសចិនវិញ នៅក្នុងឧប្បត្តិហេតុមួយ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យក្រុមអ្នកវិនិយោគខាងធនាគារជាច្រើនរបស់ពួកគេ ប្រគល់លិខិតឆ្លងដែនរបស់ពួកគេ និងសុំការអនុញ្ញាតសម្រាប់គ្រប់ការអាជីវកម្ម និងសុំការអនុញ្ញាតរាល់ផែនការធ្វើដំណើរផ្ទាល់ខ្លួន។ រាល់សំណើទាំងអស់ ត្រូវអនុវត្តតាមការណែនាំឯកជនពីក្រុមនិយតករចិន។

ក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហាទាំងនោះ បាននិយាយថា និយោជិតខ្លះ ត្រូវបានគេប្រាប់ថា ក្រុមនិយតករកំពុងពិនិត្យពិចៃលើការផ្តល់ជូនជាសាធារណៈដំបូង និងរាល់សកម្មភាពរៃអង្គាសមូលធនផ្សេងទៀត ហើយក្រុមធនាគារិកទាំងនោះ អាចត្រូវគេហៅទូរស័ព្ទមកដើម្បីសាកសួរ គ្រប់ពេល។

ក្រុមនុស្សដែលស្និទ្ធនឹងរឿងនោះ បាននិយាយថា ក្រុមហ៊ុនឈ្មួញកណ្តាលទាំងនេះ បានរឹតបន្តឹងលើការអនុម័តឱ្យធ្វើដំណើរទៅក្រៅប្រទេស និងបានប្រាប់ក្រុមបុគ្គលិកថា ពួកគេក៏ត្រូវតែធ្វើការយល់ព្រមដូច្នោះផងដែរ បើសិនជាពួកគេចង់លាលែងពីតំណែង។ អ្នកទាំងឡាយណាដែលត្រូវបានអនុម័តឱ្យធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្ម ត្រូវតែធ្វើដូច្នេះជាមួយមិត្តរួមការងារ ហើយរាល់សកម្មភាពដែលនៅក្រៅគម្រោងពេលវេលាធ្វើដំណើរដែលបានអនុម័តជាមុន នឹងត្រូវដាក់កម្រិត។

នៅក្នុងប្រទេសចិន សហគ្រាសគ្រប់គ្រងដោយរដ្ឋ ត្រូវបានគេដឹងថា កាន់លិខិតឆ្លងដែនរបស់មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងក្រុមមន្ត្រីបក្សកុម្មុយនិស្ត។ វាមិនធម្មតានោះទេ សម្រាប់ក្រុមហ៊ុននានាក្នុងការពង្រីកតម្រូវការនោះទៅដល់បុគ្គលិកដែលមានឋានៈទាប និងបុគ្គលិកថ្នាក់ទាប ដូចជាក្នុងករណីក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលផ្សេងទៀត។ ក្រុមហ៊ុន Haitong មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការឃុំឃាំងក្រុមអ្នកវិនិយោគខាងធនាគារនេះ និងការស៊ើបអង្កេតបទប្បញ្ញត្តិទាំងឡាយ ក៏កំពុងចោទជាសំណួរជាច្រើន អំពីអនាគតនៃឧស្សាហកម្មឈ្មួញកណ្តាលដែលមានទឹកប្រាក់ចំនួន $១.៧ ពាន់ពាន់លានដុល្លាររបស់ប្រទេសចិន និងសកម្មភាពទីផ្សារមូលធនក្នុងស្រុក ដែលបានធ្លាក់ចុះយ៉ាងគំហុក ខណៈ ដែលសេដ្ឋកិច្ចកាន់តែទូលំទូលាយ កំពុងផ្ទុះឡើង។

ស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋចិនទាំងអស់ បានកំណត់ប្រាក់ឈ្នួលប្រចាំឆ្នាំសម្រាប់បុគ្គលិកជាន់ខ្ពស់ចំនួន ២.៨ លានយួន (៤០០,០០០ ដុល្លារ) ខណៈការកាត់ប្រាក់ខែថ្មីសម្រាប់បុគ្គលិកធនាគារដីគោកនៅឯក្រុមហ៊ុន China International Capital Corp. គឺមានចំនួន ២៥% នៃប្រាក់ខែគោលរបស់ពួកគេ។

លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “ការបង្រ្កាប និងការរឹតបន្តឹងទាំងអស់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌ របស់ក្រុមបុគ្គលិកហិរញ្ញវត្ថុ ប៉ុន្តែបើសិនបញ្ហាទាំងនេះ អាចត្រូវបានលុបចោល, នោះឧស្សាហកម្មនេះ អាចដំណើរការបានល្អប្រសើរនាពេលអនាគត”។ លោក Shen បានបន្ថែមថា គោលដៅរបស់ក្រុមអាជ្ញាធរគឺ “ផ្លាស់ប្តូរស៊ីជម្រៅលើការចែកចាយប្រាក់ចំណេញ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល” ។

កាលពីដើមខែនេះ ក្រុមហ៊ុន Haitong ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ បានយល់ព្រមបញ្ចូលគ្នាជាមួយគូប្រជែងធំជាងដែលគាំទ្រដោយរដ្ឋ គឺ Guotai Junan Securities Co. នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរភាគហ៊ុន ដែលនឹងបង្កើតក្រុមហ៊ុនឈ្មួញកណ្តាលមានទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសចិន។ ធនាគារទាំងពីរ បាននិយាយថា ការរួមបញ្ចូលគ្នារបស់ពួកគេ នឹងបង្កើត “ធនាគារវិនិយោគលំដាប់ទី១” និងជួយលើកស្ទួយ “ការអភិវឌ្ឍន៍គុណភាពខ្ពស់ នៃឧស្សាហកម្មនេះ” ។ វា ក៏កើតឡើង បន្ទាប់ពីប្រធានាធិបតី ស៊ី បាននិយាយថា ប្រទេសចិន គួរតែបណ្តុះធនាគារវិនិយោគលំដាប់កំពូលខ្លះ នៅពេលដែលក្រុមហ៊ុនមកពី Wall Street កំពុងព្យាយាមពង្រីកខ្លួននៅក្នុងប្រទេស។

លោក Jiang Chengjun (កណ្តាល) អ្នកចាត់ការទូទៅរង នៃក្រុមហ៊ុន Haitong International Securities ត្រូវបានចាប់ខ្លួននៅក្រៅប្រទេស ដើម្បីបញ្ជូនមកស្រុកវិញ

យោងតាមមនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ ឱ្យដឹងថា ការចាប់ខ្លួន លោក ជាង ឆេងជុប (Jiang Chengjun) អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Haitong ដែលគ្រប់គ្រងកិច្ចការ វិនិយោគធនាគារ កាលពីចុងខែសីហា បានជួយពន្លឿនពេលវេលានៃកិច្ចព្រមព្រៀងនោះ។ កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុន Haitong បានរាយការណ៍ពីការធ្លាក់ចុះ ៧៥% នៃប្រាក់ចំណេញក្នុងឆមាសទី១ មកត្រឹម ៩៥៣លានយួន ដែល១ផ្នែកដោយសារតែការធ្លាក់ចុះនៃកិច្ចការ វិនិយោគធនាគារ, ការជួញដូរ និងប្រាក់ចំណូលសេវាកម្មអតិថិជន របស់ស្ថាប័ន។

អ្នកដែលនឹងរឿងនេះដដែល បាននិយាយថា ការបញ្ឈប់ការងារបុគ្គលិក គឺទំនងជានឹងធ្វើឡើងនៅក្រុមហ៊ុន Haitong ដោយផ្តោតលើអាជីវកម្មធនាគារវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុននេះ មានបុគ្គលិកវិនិយោគចំនួន ១៦៤៥នាក់ នៅចុងឆ្នាំ ២០២៣ ឬប្រហែល ១២% នៃបុគ្គលិកជាង ១៣,៦០០នាក់ របស់ខ្លួន។ ក្រុមហ៊ុន Guotai Junan មានបុគ្គលិកសរុបប្រហែល ១៥,០០០នាក់។

ការស៊ើបអង្កេតហិរញ្ញវត្ថុ

ក្រុមអាជ្ញាធរចិន បាននិងកំពុងព្យាយាមបោសសម្អាតវិស័យហិរញ្ញវត្ថុដែលមានចំនួន ៦៦ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ ដែលយ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ ២០២១មក នៅពេលប្រធានាធិបតី ស៊ី បានកំណត់ទស្សនៈរបស់គាត់លើអំពើពុករលួយនៅក្នុងឧស្សាហកម្មនេះ។ ការស៊ើបអង្កេតជាទូទៅ បាននាំឱ្យមានការឃុំខ្លួន និងចាប់ខ្លួនក្រុមអ្នកជំនាញហិរញ្ញវត្ថុជាច្រើននៅតាមធនាគារចិន ក្រុមហ៊ុនឈ្មួញកណ្តាល ក្រុមអ្នកចាត់ការទ្រព្យសម្បត្តិ និងបណ្តាក្រុមហ៊ុនធានារ៉ាប់រង។ ទណ្ឌកម្មធ្ងន់ធ្ងរបំផុត សម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ ក៏មានការកាត់ទោសប្រហារជីវិត ឬការដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់អតីតមន្ត្រីប្រតិបត្តិកំពូល នៃស្ថាប័នខ្លះ។

លោក Bao Fan ប្រមុខនៃក្រុមហ៊ុន China Renaissance Group ត្រូវបានគេជឿថា ជាប់ឃុំឃាំង បន្ទាប់ពីបាត់ខ្លួនកាលពីឆ្នាំ២០២៣

ក្រុមអ្នកវិនិយោគខាងធនាគារ មានការខកចិត្តរួចទៅហើយជាមួយនឹងការបាត់ខ្លួនកាលពីឆ្នាំមុនរបស់លោក ប៉ាវ ហ្វាន (Bao Fan) ដែលជាតារាធនាគារិកម្នាក់ ដែលបានជួយធ្វើជាឈ្មួញកណ្តាលនៃការរួមបញ្ចូលគ្នា នៃបណ្តាញអ៊ីនធឺណែតយក្សខ្លះរបស់ប្រទេសចិន។ លោក ប៉ាវ បាននិងកំពុងជួយក្រុមអាជ្ញាធរក្នុងការស៊ើបអង្កេត១ ហើយការឃុំខ្លួនលោក បានធ្វើឱ្យរបួសដល់អនាគតអាជីវកម្មរបស់ក្រុមហ៊ុន China Renaissance Holdings Ltd. ដែលជាធនាគារវិនិយោគ ដែលលោកបានបង្កើតក្នុងឆ្នាំ ២០០៥។ គារឃុំឃាំងនេះ ក៏បានបាត់បង់បុគ្គលិកខ្លួនប្រហែល១/៣ ចាប់តាំងពីចុងឆ្នាំ ២០២២មក និង ភាគហ៊ុន ដែលបានចុះបញ្ជីនៅហុងកុង បានធ្លាក់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបន្តការជួញដូរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៥ ខែកញ្ញា, ក្រុមហ៊ុននេះ បាននិយាយថា ក្រៅពីលោក ជាង, អតីតបុគ្គលិករបស់ក្រុមហ៊ុន Haitong, ក្រុមអាជ្ញាធរចិន ក៏បានឃុំខ្លួនលោក វ៉ាង ចៅពីង (Wang Zhaoping) អតីតអ្នកចាត់ការរង នៃផ្នែកធានាទិញ និងឧបត្ថម្ភរបស់ក្រុមហ៊ុន Shenwan Hongyuan Group ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីពាក់កណ្តាលខែសីហាថា ប្រមុខផ្នែកវិនិយោគធនាគារ នៃក្រុមហ៊ុន Guoyuan Securities Co., លោក វ៉ាង ឈិន (Wang Chen) កំពុងជួយក្នុងការស៊ើបអង្កេតដែលមិនបានបញ្ជាក់មួយ, ។

ប្រទេសចិន មានក្រុមអ្នកវិនិយោគខាងធនាគារជាង ៨,៧០០នាក់ គិតត្រឹមដើមខែកញ្ញា ពីចំណោមក្រុមហ៊ុនឈ្មួញកណ្តាលទាំង ១៤៧ក្រុមហ៊ុន។ ពួកគេជាច្រើន គឺពាក់ព័ន្ធក្នុងសកម្មភាពទីផ្សារមូលធនទាំងអស់ ក្នុងនោះមានទាំង IPOs និងការ ការលក់ភាគហ៊ុន ដែលតាមដាន។ ទិន្នន័យផ្លូវការ បានបង្ហាញថា ប្រាក់ចំណូលរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនមូលបត្រទាំងអស់នៅក្នុងប្រទេសនេះ មានចំនួន ២០៣.៣ ពាន់លានយួន នៅក្នុងឆមាសទី១ ដោយធ្លាក់ចុះ ៩% ធៀបនឹងឆ្នាំមុន។

ត្រូវបានគេមើលឃើញថាជា “ក្រុមអ្នកយាមទ្វារ” នៃទីផ្សារមូលធន តួនាទីរបស់ក្រុមអ្នកវិនិយោគខាងធនាគារ កាន់តែមានសារៈសំខាន់ បន្ទាប់ពីប្រទេសចិនបានប្តូរចេញពីយន្តការចុះបញ្ជីផ្អែកលើការអនុម័តច្បាប់ពីឆ្នាំមុន ទៅជាប្រព័ន្ធ IPO ដែលផ្អែកលើការចុះបញ្ជីវិញ។ ក្រុមហ៊ុនដែលចេញជាសាធារណៈ ត្រូវតែងតាំងធនាគារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬក្រុមអ្នកធានាទិញមូលបត្រ ជាអ្នកឧបត្ថម្ភការចុះបញ្ជីរបស់ពួកគេ។

ប្រទេស​ចិន ​បាន​និង​កំពុង​យកក្រុម​ធនាគារិកច្រើនថែម​ទៀត​មកបំពេញ​បេសកកម្មថ្មីៗនេះ។ យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា និយតករមូលបត្រ និងផ្សារហ៊ុនរបស់ខ្លួន បានដាក់ពិន័យលោកក្រុមអ្នកតំណាង ឧបត្ថម្ភចំនួន ៩១នាក់រហូតដល់ដើមខែកញ្ញា។ នោះគឺច្រើនណាស់ បើធៀបនឹង ៨៨នាក់ សម្រាប់ឆ្នាំ ២០២៣ និង ៨៦ សម្រាប់ឆ្នាំ២០២២។

ប្រធាន និងជាស្ថាបនិក នៃក្រុមហ៊ុនអ្នកគ្រប់គ្រងទ្រព្យសកម្ម China Vision Capital ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង, លោក Sun Jianbo បាននិយាយថា ការបង្រួបបង្រួមឧស្សាហកម្មនេះ និងការបង្រ្កាបតាមបទប្បញ្ញត្តិ និយាយថា ប្រទេសចិន កំពុងដើរក្នុងទិសដៅត្រឹមត្រូវ ដើម្បីកែទម្រង់ធនាគារវិនិយោគរបស់ខ្លួន ដែលភាគច្រើនបានផ្តល់សេវាកម្ម “មិនគ្រប់គ្រាន់” ។

កាលពីសប្តាហ៍មុនផងដែរ ក្រុមហ៊ុន Guosen Securities Co. បានប្រកាសថា ខ្លួនមានគម្រោងទិញភាគហ៊ុន Vanho Securities Co. ស្ទើរតែទាំងអស់ ។ ក្រុមហ៊ុនឈ្មួញកណ្តាលចិនខ្លះទៀត នៅដើមឆ្នាំនេះ បានផែនការទិញភាគហ៊ុនពីដៃគូជាច្រើន។

លោក Sun បានមានប្រសាសន៍ថា៖ “យើង មិនត្រូវការធនាគារវិនិយោគច្រើនបែបនោះទេ និងកំពុងតែកាត់បន្ថយធនាគារិកដែលលើសតម្រូវការ គឺជាជំហានដំបូង និងជំហានចាំបាច់ សម្រាប់ប្រទេសចិន ដើម្បីគាំទ្រធនាគារវិនិយោគលំដាប់កំពូលវិញ។ យើង នឹងឃើញការបង្រួបបង្រួមកាន់តែរហ័សដោយជៀសមិនរួច និងការស៊ើបអង្កេតបុគ្គលិកជាសក្តានុពលកាន់តែច្រើន នាពេលអនាគត”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព