កាសែតអេឡិចត្រូនិក Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុនបង្កើតកម្មវិធីផ្នែកទន់របស់អាល្លឺម៉ង់ SAP SE និង ក្រុមហ៊ុន Carahsoft Technology ពីបទការឃុបឃិតគ្នាដ៏សម្បើម ដើម្បីគិតថ្លៃច្រើនហួសលើបណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

ដោយស្រង់កំណត់ត្រារបស់តុលាការសហព័ន្ធដែលដាក់ប្តឹងនៅ Baltimore, របាយការណ៍នោះ បាននិយាយថា មេធាវីនៃក្រសួងយុត្តិធម៌អាមេរិក (DOJ) បាននិងកំពុងធ្វើការស៊ើបអង្កេត យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០២២ ថាតើក្រុមហ៊ុន SAP បានឃុបឃិតគ្នាដោយខុសច្បាប់ជាមួយក្រុមហ៊ុនផ្តល់ដំណោះស្រាយ IT ដែរឬយ៉ាងណា ដើម្បីរៀបតម្លៃលក់ទៅឱ្យយោធាសហរដ្ឋអាមេរិក និងអង្គភាពរដ្ឋាភិបាលជាច្រើនផ្សេងទៀត។

ក្រុមហ៊ុន SAP, Carahsoft, និងក្រសួង DOJ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំយោបល់នៅខាងក្រៅម៉ោងធ្វើការធម្មតានោះទេ។

តាំងពីព្រឹកព្រលឹមថ្ងៃនោះ Bloomberg បានរាយការណ៍ថា បណ្តាទីភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរុករកការិយាល័យរបស់ក្រុមហ៊ុន Carahsoft ក្នុងតំបន់ Washington ។ អ្នកតំណាងក្រុមហ៊ុន Carahsoft បានប្រាប់ Bloomberg ថា ការស៊ើបអង្កេតនោះ គឺបានចូលទៅក្នុងក្រុមហ៊ុន ដែល Carahsoft ធ្លាប់បានធ្វើអាជីវកម្ម កាលពីអតីតកាល។

ក្រុមហ៊ុន SAP ធ្លាប់មានរឿងប្រឈមមុខជាមួយក្រសួងយុត្តិធម៌ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាល្លឺម៉ង់នេះ បានយល់ព្រមបង់ប្រាក់ប្រហែល ២២២ លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេត លើគម្រោងសូកប៉ាន់ជាច្រើន នៅក្នុងប្រទេសចំនួន៧៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព