ក្រុមហ៊ុនបច្ចេកវិទ្យាចិន (សៀវម៉ី) Xiaomi បានទិញដីមួយកន្លែងក្នុងទីក្រុងប៉េកាំងក្នុងតម្លៃ 842 លានយួន (ប្រមាណ $116 លានអាមេរិក) ដើម្បីពង្រីកការផលិតរថយន្តអគ្គិសនី បន្ទាប់ពីជោគជ័យក្នុងការចាប់ផ្តើម នៃរថយន្តស៊េរីទំនើបរបស់ខ្លួន។

យោងតាមឯកសារដែលបានចេញផ្សាយដោយគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុងប៉េកាំង ឲ្យដឹងថា ដីទំហំ 53 ហិកតានោះ មានទីតាំងនៅជិតរោងចក្ររថយន្តអគ្គិសនី (EV) ដែលមានស្រាប់របស់ក្រុមហ៊ុន Xiaomi នៅក្នុងសង្កាត់ Yizhuang នៃរដ្ឋធានីនេះ។ ឯកសារនេះ បាននិយាយថា ដីនេះ ត្រូវបានទិញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi គឺក្រុមហ៊ុន Xiaomi Jingxi Technology ហើយនឹងត្រូវបានប្រើសម្រាប់ “ការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តទំនើប និងរថយន្តឆ្លាតវៃថាមពលថ្មី”។

ក្រុមហ៊ុន Xiaomi បានជោគជ័យក្នុងទីផ្សាររថយន្តដំបូង ជាមួយម៉ូដែល SU7 នេះ

ក្រុមហ៊ុន Xiaomi បានចូលទីផ្សាររថយន្តក្នុងខែមីនា ដោយរថយន្តគំរូដំបូង SU7  មានតម្លៃ 215,900 យួន  ជាជំហានដំបូង នៅក្នុងផែនការ 10 ពាន់លានដុល្លាររបស់នាយកប្រតិបត្តិ ឡី ជុន (Lei Jun) ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ នៅក្នុងទីផ្សាររថយន្តអគ្គិសនី ។ លោក ឡី បាននិយាយកាលពីដើមខែនេះថា ក្រុមហ៊ុននេះ បានចែកចាយរថយន្តនេះចំនួន 30,000 គ្រឿងរួចហើយ ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់គោលដៅលក់ ក្នុងឆ្នាំ 2024 ដំបូងរបស់ខ្លួន រថយន្តចំនួន 100,000 គ្រឿងក្នុងខែវិច្ឆិកាឆាប់ៗនេះ។

ភាពភាវាយលុកភ្លាមៗរបស់ក្រុមហ៊ុន Xiaomi ទៅក្នុងរថយន្តអគ្គិសនី គឺផ្ទុយពីដៃគូប្រជែងជាច្រើន ដែលកំពុងជួបបញ្ហាដណ្តើមចំណែកទីផ្សារនៅក្នុងឧស្សាហកម្មដ៏ចង្អៀតមួយ។ ទីក្រុងប៉េកាំង បានផ្អាកការឧបត្ថម្ភធនជាតិ សម្រាប់ការទិញរថយន្តអគ្គិសនី ក្នុងឆ្នាំ 2022 ហើយ តម្រូវការដែលកំពុងធ្លាក់ចុះ បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុន WM Motor Technology Group និងម៉ាក HiPhi ដ៏ល្បី ពីក្រុមហ៊ុន Human Horizons Shanghai Internet Technology បានក្ស័យធន ឬផ្អាកការផលិត។

ក្រុមហ៊ុនដែលល្បីខាងផលិតស្មាតហ្វូនមួយនេះ ក៏មានគោលបំណងចាប់ផ្តើមផលិត និងលក់រថយន្តស្ព័រដែលស្រដៀងទៅនឹងម៉ូដែល Y របស់ក្រុមហ៊ុន Tesla ដែរ នៅដើមឆ្នាំ 2025។ ពីមុន ក្រុមហ៊ុន​នេះ ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមការងារលើដំណាក់កាលទី២ នៃរោងចក្រផលិតរថយន្តរបស់ខ្លួនដោយការសាងសង់ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ 2025។ ដំណាក់កាលទី១ មានសមត្ថភាពផលិតរថយន្ត ប្រចាំឆ្នាំ ចំនួន150,000 គ្រឿង៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព