វិនិយោគិនបរទេស បានដកប្រាក់យ៉ាងច្រើនចេញពីប្រទេសចិនកាលពីត្រីមាសមុន ដែលទំនងជាកំពុងឆ្លុះបញ្ចាំងពីភាពទុទិដ្ឋិនិយមដ៏ជ្រៅ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។

យោងតាមទិន្នន័យពីរដ្ឋបាលរដ្ឋស្តីពីការប្តូរប្រាក់បរទេសដែលបានចេញផ្សាយពីថ្ងៃសុក្រទី៩ សីហា ឲ្យដឹងថា បំណុលវិនិយោគផ្ទាល់របស់ប្រទេសចិននៅក្នុងសមតុល្យនៃការទូទាត់របស់ខ្លួន បានធ្លាក់ចុះជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយគូសបញ្ជាក់ជាលើកទីពីរដែលតួលេខនេះបានប្រែជាអវិជ្ជមាន។ ក្នុងរយៈពេល៦ខែដំបូង វាបានធ្លាក់ចុះប្រហែល ៥ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ Bloomberg ឲ្យដឹងថា បើសិនជាការធ្លាក់ចុះនៃចំនួនវិនិយោគនេះ នៅតែបន្តសម្រាប់ឆ្នាំដែលនៅសល់ វានឹងគូសបញ្ជាក់ពីលំហូរលុយសុទ្ធចេញប្រចាំឆ្នាំលើកដំបូង យ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ១៩៩០មក នៅពេលដែលទិន្នន័យប្រៀបធៀប បានចាប់ផ្តើម។

ប៉ុន្មានឆ្នាំថ្មីៗនេះ គេបានមើលឃើញការវិនិយោគបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះបន្ទាប់ពីបានឡើងដល់ជាប់កំណត់ត្រា ៣៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ។

តួលេខដែលបានចេញផ្សាយមុននេះដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសថ្មី (FDI) ចូលមកក្នុងប្រទេសក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ គឺទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។

ការវិនិយោគបរទេស​នៅប្រទេស​ចិន បានធ្លាក់ចុះ​ជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ឆ្នាំនេះ

  • ហេតុអ្វី បានជាចិនទាក់ទាញអ្នកវិនិយោគបរទេសលែងបាន?

ក្រៅ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច, ភាព​តានតឹងខាង​ភូមិសាស្ត្រ​នយោបាយ​ដែលកំពុងកើន​ឡើង ​បាន​និង​កំពុង​បង្វែរ​ចំណាប់អារម្មណ៍របស់អ្នក​វិនិយោគ​បរទេស ​ចេញ​ពី​ប្រទេស​ចិន។

លើសពីនេះ ការផ្លាស់ប្តូរភ្លាមៗទៅកាន់រថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេសចិន ក៏បានកាត់បន្ថយផលប្រយោជន៍របស់ក្រុមហ៊ុនរថយន្តបរទេសផងដែរ ដោយមានការដកថយ ឬកាត់បន្ថយការវិនិយោគរបស់ពួកគេផងដែរ។

  • អ្នកវិនិយោគកាន់តែចាប់អារម្មណ៍ ទៅក្នុងប្រទេសផ្សេងទៀត

មិនតែប៉ុណ្ណោះ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន កំពុងផ្តល់អត្រាការប្រាក់ខ្ពស់មិនដូចជានៅទីក្រុងប៉េកាំង ដែលបាននឹងកំពុងបន្ទាបការប្រាក់ ដើម្បីកែលម្អសេដ្ឋកិច្ចរបស់ពួកគេ។ បញ្ហានេះបានផ្តល់ហេតុផលគ្រប់គ្រាន់មិនឲ្យបរទេសចម្រុះជាតិសាសន៍វិនិយោគនៅក្នុងប្រទេសចិន ហើយដាក់សាច់ប្រាក់របស់ពួកគេទៅកន្លែងដែលកំពុងត្រូវបានផ្តល់ផលចំណេញកាន់តែប្រសើរវិញ។

ប្រទេសចិន ដែលមានអួតថាជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ ក៏ដូចជាព្យាយាមរក្សាការវិនិយោគពីបរទេស។

រដ្ឋាភិបាលដែលដឹកនាំដោយលោក ស៊ី ជីពីង (Xi Jinping) បាននិងកំពុងពណ៌នាខ្លួនឯងថា បើកចំហ និងទាក់ទាញសម្រាប់អាជីវកម្មបរទេស ក្នុងក្តីរំពឹងថាក្រុមហ៊ុនជាច្រើនមកពីក្រៅប្រទេស នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងប្រជាជាតិដទៃទៀតដែលផ្តាច់ចេញពីប្រទេសចិន។

  • ការកើនឡើង នៃការវិនិយោគចេញក្រៅប្រទេស

ជាមួយគ្នានេះ ការវិនិយោគចេញក្រៅប្រទេសរបស់ចិន បានឡើងដល់កម្រិតខ្ពស់ថ្មីមួយ នៅក្នុងត្រីមាសទីពីរនេះ ដោយក្រុមហ៊ុនទាំងនោះ កំពុងបណ្តាក់ទុនចំនួន ៧១ពាន់លានដុល្លារនៅឯបរទេស គឺកើនឡើងជាង ៨០%ពីចំនួន $៣៩ពាន់លាន ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងនៃការវិនិយោគចេញក្រៅនេះ ភាគច្រើនសំដៅទៅលើគម្រោងដូចជារថយន្តអគ្គិសនី និងរោងចក្រផលិតអាគុយជាដើម។

ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋបាល នៃការប្តូររូបិយប័ណ្ណបរទេសរដ្ឋ ក៏បានបង្ហាញពីភាពខុសគ្នាកំពុងកើនឡើង នៅក្នុងការវាស់វែងនៃអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន ដែលបានឡើងដល់កំណត់ត្រា ៨៧ពាន់លានដុល្លារក្នុងត្រីមាសទីពីរ និងជិត ១៥០ពាន់លានដុល្លារសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។

ភាពខុសគ្នានេះ ត្រូវបានគូសបញ្ជាក់ដោយរតនាគារសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ដែលបានជំរុញឱ្យប្រទេសចិន ពន្យល់ពីភាពខុសគ្នាសំខាន់ៗនៅក្នុងតួលេខពាណិជ្ជកម្មជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឲ្យដឹងថា ភាពខុសគ្នានេះ គឺដោយសារតែ “វិធីសាស្រ្តផ្សេងគ្នាដែលត្រូវបានប្រើដើម្បីកត់ត្រាការនាំចេញ និងការនាំចូលទំនិញ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព